(ព្រះវិហារ)៖ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តព្រះវិហារ ជាអនុប្រធានក្រុមការងារចុះជួយស្រុកឆែប និងជាប្រធានក្រុមការងារ ចុះជួយឃុំម្លូរព្រៃមួយ និងឃុំសង្កែពីរ លោក សំ លាងទ្រី នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្ររាប់រយនាក់ ហែក្បួនក្នុងពីធីបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅក្នុងឃុំម្លូរព្រៃមួយ និងឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។

ថ្លែងទៅកាន់សកម្មជន និងអ្នកចូលរួមហែទាំងអស់ លោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍ គណបក្សខេត្ត បានថ្លែងថា «គណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាល តែងស្ថិតនៅជាប់ជាមួយប្រជាពលរដ្ឋ ជួយកសាងហេដ្ឋារចនាសម្ពន្ធ័នានា ជូនជាតិនិងប្រជាពលរដ្ឋ ហើយសមិទ្ធិផលទាំងនេះ គណបក្សប្រជាជនកម្ពុជា មិនដែលបានសន្យាទេ ខុសប្លែកពីគណបក្សប្រឆាំង ដល់ពេលឃោសនាម្តងៗ តែងសន្យានេះសន្យានោះ តែធាតុពិតជាក់ស្តែង មិនមានចេញជាលទ្ធផលជាក់ស្តែង ឲ្យប្រជាពលរដ្ឋមើលឃើញនោះទេ»។

លោក សំ លាងទ្រី បានលើកឡើងថា ដូច្នេះតើបងប្អូន គួរជ្រើសរើស អ្នកធ្វើរហូតឫក៏អ្នកសន្យារហូត? ថ្ងៃនេះ ជាថ្ងៃចុងក្រោយនៃការឃោសនារកសម្លេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ថ្ងៃនេះគណបក្សប្រជាជនកម្ពុជា បានចេញឃោសនាក្នុងក្របខណ្ឌ័ទូទាំងប្រទេស ជាទ្រង់ទ្រាយធំ ហើយព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានដឹកនាំក្បួន
ឃោសនានៅរាជធានីភ្នំពេញ ដោយមានបងប្អូនប្រជាពលរដ្ឋចូលរួម១៥ម៉ឺននាក់ ដែលសកម្មភាពនេះ បានបង្ហាញឲ្យឃើញពីភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជាយើង។

ជាមួយគ្នានេះ លោក សំ លាងទ្រី ក៏បានផ្ដាំផ្ញើ ឲ្យសកម្មជនគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕