(តាកែវ)៖ សហប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ លោក ពេជ សោភ័ន នៅថ្ងៃសុក្រនេះ បានថ្លែងថា អ្នកដែលបានធ្វើឲ្យកម្ពុជា មានការផ្លាស់ប្ដូរជាវិជ្ជមានពិតប្រាកដ រហូតដល់សព្វថ្ងៃនេះ គឺសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាតែម្តង។

លោក ពេជ សោភ័ន បានថ្លែងបែបនេះ ទៅកាន់សមាជិកគណបក្សប្រជាជនកម្ពុជា ប្រមាណជាជិត ៤ពាន់នាក់ នៅក្នុងឃុំចំនួន ៥ នៃស្រុក​ព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី២ ខែមិថុនា ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។

លោកបានថ្លែងបន្តថា អ្នកដែលបានធ្វើឲ្យកម្ពុជា មានការផ្លាស់ប្ដូរជាវិជ្ជមានពិតប្រាកដ គឺសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្លាស់ប្ដូរប្រទេសកម្ពុជាពីមានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ ឲ្យក្លាយទៅជា «ព្រះរាជាណាចក្រអច្ឆរិយៈ» បានផ្លាស់ប្ដូរពីរបបវាលពិឃាដ ឲ្យក្លាយទៅជារបបផ្សារសេរី ពហុបក្ស។ លោកបានបន្ថែមថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាអ្នកនាំមកឲ្យប្រជាជនខ្មែរ នូវសន្តិភាព ការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ ការអភិវឌ្ឍ និងជីវភាពប្រជាពលរដ្ឋ កាន់តែសម្បូរសប្បាយ ។

លោកបានរិះគន់ទៅក្រុមអ្នកប្រឆាំងមួយចំនួ​ន ដោយលើកឡើងយ៉ាងដូច្នេះថា តើនរណាទៅ ដែលបាន និងកំពុងបំបែកបំបាក់ជាតិ ញុះញង់ អុចអាល បញ្ឆេះកំហឹង ឲ្យប្រឆាំងច្បាប់ ប្រឆាំងអំណាចរដ្ឋ បង្កព្រឹត្តិការណ៍ប្រទូសរ៉ាយ ដោយបង្កើតបញ្ហាយួន អត់សិទ្ធិសេរីភាពផ្ដាច់ការ ពុករលួយ មានស៊ីអត់សែន តើនេះឬដែលគេថា មិនយកខ្មែរណាជាសត្រូវ?៕