(ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ស ថាវី សមាជិកគណៈកម្មាធិកាណ្តាល​គណៈបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ បានដឹកនាំសមាជិក សមាជិការ និងប្រជាពលរដ្ឋអ្នកគាំទ្រជាង១ម៉ឺននាក់ ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណាត្តិទី៤ ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

នៅក្នុងពិធីបើកការហែក្បួននេះ លោក ស ថាវី បានថ្លែងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋទាំងអស់ក្នុងប្រទេស ជាពិសេសក្នុងខេត្តឧត្តរមានជ័យ បានដឹងនូវគុណបំណាច់យ៉ាង ខ្លាំងក្លាចំពោះគណបក្សប្រជាជនកម្ពុជា ដែលនាំសុខសន្តិភាព ស្ថិរភាពនយោបាយគ្រប់ទីកន្លែង ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈហើយ បក្សប្រជាជនកម្ពុជា តែងគិតគូរនៅបញ្ហាសុខទុក្ខទាំងអស់របស់ប្រជាពលរដ្ឋ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានដឹកនាំប្រទេសជាតិ តាំងពីបាតដៃទទេ រហូតប្រទេសកម្ពុជា មានអ្វីៗគ្រប់បែបយ៉ាង ដូចប្រទេសជិតខាង ដូច្នេះហើយយើងដឹងច្បាប់ថា សន្លឹកឆ្នោត១សន្លឹក គឺមានតម្លៃខ្លាំងណាស់ ប្រសិនជាយើង សម្រេចចិត្តខុស ក្នុងការគូសសន្លឹកឆ្នោតនោះ និងធ្វើឲ្យយើងទាំងអស់គ្នា មានវិប្បដិសារីជាមិនខាន។

លោក ស ថាវី បានបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មិនដែលបានសន្យាខ្យល់ ដូចគណបក្សប្រឆាំងនោះទេ គឺថាធ្វើអ្វីៗគ្រប់បែបយ៉ាង​ដើម្បីប្រជាពលរដ្ឋទាំងមូល ដោយមិនប្រកាន់និន្នាការនយោបាយ សាសនានោះឡើយ។ ថ្ងៃនេះពិតជាថ្ងៃមួយដែលប្រជាពលរដ្ឋទាំងអស់ មានការសប្បាយរីករាយ ដែលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមដង្ហែរគណបក្ស ដោយមានសមាជិកចូលរួម១៥ម៉ឺននាក់ នៅរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលចូលរួមដង្ហែក្បូនឃោសនា នាថ្ងៃចុងក្រោយ បានថ្លែងថា ពួកគេបានសម្រេចចិត្តចូលរួមហែរគណបក្សប្រជាជនកម្ពុជា គឺសង្ឃឹមថា មានគណបក្សប្រជាជនកម្ពុជា គឺធ្វើប្រទេសជាតិកាន់តែរីកចម្រើន មិនថាទីប្រជុំជន ទីក្រុង តំបន់ដាច់ស្រយាល គឺមានការអភិវឌ្ឍស្មើគ្នា៕