(កំពង់ចាម)៖​ នៅថ្ងៃទី០២​ ខែមិថុនា​ ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍​ ម៉ា ឈឿន ប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ និងលោកស្រី អ៊ុក ម៉ាលី បានដឹកនាំសមាជិក​សមាជិកា​ គណបក្សប្រជាជនរាប់ពាន់នាក់ ក្នុងឃុំចំនួន១០ នៅស្រុកជើងព្រៃ ដង្ហែ​គណបក្សប្រជាជននៅថ្ងៃបញ្ចប់ យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ​។

នាយឧត្តមសេនីយ៍​ ម៉ា ឈឿន បានថ្លែង​​ថា គណបក្សប្រជាជនកម្ពុជា គឺស្ថិតនៅជាគណបក្សនយោបាយដ៏ធំ និងរឹងមាំបំផុតនៅក្នុងប្រទេស ហើយគណបក្សប្រជាជនយើង គឺបានរំដោះជាតិទឹកដី និងកសាងប្រទេសរីកចម្រើន មកទល់សព្វថ្ងៃនេះ មានគណបក្សប្រជាជន គឺច្បាស់ជាមានសន្តិភាព និងវឌ្ឍនៈភាពសង្គម ហើយជោគជ័យ របស់គណបក្សប្រជាជនកម្ពុជា​ គឺជាជោគជ័យរបស់ប្រជាជនកម្ពុជា​ ដែលអ្វីៗទាំងអស់គឺកើតចេញពីពលិកម្មរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា​ ដូច្នេះ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គឺបោះឲ្យខ្លួនឯង ។

លើសពីនោះ នាយឧត្តមសេនីយ៍​ ម៉ា ឈឿន បានថ្លែងអំណរគុណ​ និងអំពាវនាវ​ អ្នកចូលរួម និងប្រជាពលរដ្ឋទូទាំងស្រុកជើងព្រៃ ខេត្ដកំពង់ចាមនេះ ដែលបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិកន្លងមក​ និងសូមបន្តបោះឆ្នោតគាំទ្រ ដល់គណបក្សប្រជាជនបន្តទៀតដើម្បីអភិវឌ្ឍន៍ឃុំ​ សង្កាត់យើងទាំងអស់គ្នា​បន្ថែមការរីកចម្រើន ដើម្បីអនាគតយើង​ អនាគតកូនចៅយើង​គ្រប់គ្នា​​៕