(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសប្រារព្ធ​ខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ រោងភាពយន្ត Legend បានរៀបចំកម្មវិធីជួបជុំកុមារប្រមាណ៧២០នាក់ មកពីអង្គការមូនិធិកុមារកម្ពុជា ហៅកាត់ថា CCFដើម្បីផ្ដល់នូវការកម្សាន្តសប្បាយរីករាយ ទទួលបានអំណោយជាសម្ភារៈសិក្សា អាហារ ព្រមទាំងបានចូលទស្សនាភាពយន្តទៀតផង។ កម្មវិធីនេះ ត្រូវបានធ្វើឡើង នាថ្ងៃទី១ខែមិថុនានេះ ក្រោមការផ្តួចផ្តើមពីរោងភាពយន្ត លេជេន។

​លោក ព្រំ បញ្ញាវ័ន្ត តំណាងរោងភាពយន្ត Legend បានថ្លែងប្រាប់ឲ្យដឹងថា នេះមិនមែនជាព្រឹត្តិការណ៍​​លើកដំបូងទេ ដែល Legend បានបង្កើត​ឡើង ហើយនេះ គឺជាផ្នែកមួយនៃការ​ជួយត្រឡប់ទៅសង្គមវិញ អស់រយៈពេល៦ឆ្នាំមកហើយ។ នេះគឺជាកម្មវិធីថ្មី ដែលធ្វើឡើង​ដើម្បីចូលរួមលើកទឹកចិត្តដល់ កុមារ ដែលកំពុងប្រឈម​នឹងភាព​ខ្វះខាត បាត់បង់កម្លាំងចិត្ត និងរស់នៅជាមួយ​នឹងជំងឺប្រចាំកាយ។

​តំណាងដដែល បានបន្តទៀតថា មានសប្បុរសជន និងក្រុមហ៊ុនមួយចំនួន បានរួមគ្នាផ្តល់ជូនកុមារ​ទាំងអស់ នូវសម្ភារៈសិក្សា អាហា ការកម្សាន្ត​ជាមួយឧបករណ៍នានា  ការសម្តែង​សមត្ថភាពសិល្បៈ ការលេងហ្គេមកម្សាន្ត​សម្រាប់កុមារ ការថតរូបជុំគ្នា ពិសេសគឺពួកគេមានឱកាសចូលរួមទស្សនាភាពយន្ត គំនូរជីវចលដ៏ល្បីល្បាញ គឺរឿង «Sing»នៅរោងភាពយន្តលេជេនផ្សារស្ទឹងមានជ័យថ្មីផងដែរ។

​លោក ព្រំ បញ្ញាវ័ន្ត ក៏ថ្លែងអំណរគុណ ចំពោះអង្គការដែលបើកឱកាសឲ្យ​ក្រុមការងារបុគ្គលិក និងសប្បុរសជន បង្ហាញក្តីស្រលាញ់ចំពោះកុមារ ។ ​លោកក៏ថ្លែងអំណរគុណ ចំពោះសប្បុរសជន​ដែលបានចូលរួមសហការ បង្កើតឲ្យមានព្រឹត្តិការណ៍នេះឡើង។ លោករំពឹងដែរថា កម្មវិធីនេះនឹងបន្តប្រព្រឹត្តិ ទៅនៅឆ្នាំបន្ទាប់ទៀត​ ផងដែរ។

ដោយឡែក​លោក Scott Neeson នាយក​ប្រតិបត្តិអង្គការ CCF បានបញ្ជាក់ថា លោកពិតជាថ្លែងអំណរ​គុណ ចំពោះសប្បុរសជន ដែលបាន​ចូលរួម​លើក​ទឹកចិត្ត និងផ្តល់ការ​កម្សាន្ត​សម្រាប់កុមារ នៅថ្ងៃនេះ ដែលបង្ហាញពីទឹកចិត្តអាណិត​ ស្រឡាញ់យកចិត្តទុកដាក់ ចំពោះកុមារ។ លោកក៏ថ្លែងការកោតសរសើរ ចំពោះគ្រប់បុគ្គលិក នៅអង្គការ CCF ទាំងអស់ដែល​លះ​បង់​កម្លាំងកាយចិត្ត សម្រាប់កិច្ចការងារមើលថែ និងអប់រំកុមារអស់៕