(ភ្នំពេញ)៖ បន្ទាប់ពីចំណាយពេលមួយខែក្នុងការរៀបចំផែនការ ការបង្វឹកពីអ្នកជំនាញ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លានោះ និស្សិតដែល​ជម្រុះនៅសល់ទាំង១៥ ក្រុម នឹងត្រូវធ្វើបទបង្ហាញចុងក្រោយអំពីផែនការអាជីវកម្មបែបឌីជីថលរបស់ខ្លួននៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៧ ដើម្បីមានឱកាសឈ្នះប្រាក់រង្វាន់ចំនួន៤ពាន់ដុល្លារ និងការជួយជ្រោមជ្រែងបន្ថែមទៀតលើអាជីវកម្មរបស់ខ្លួន ក្នុងរយៈពេលប្រាំមួយខែបន្ទាប់ ។

ក្រុមហ៊ុនទូរស័ព្ទ Smart បានដាក់ចេញកម្មវិធី «SmartStart: Young Innovator Program» របស់ខ្លួននៅខែកុម្ភៈ ដែលមានគោលបំណងបណ្ដុះគំនិតអាជីវកម្មទាក់ទិននឹងបច្ចេកវិទ្យាដល់បណ្ដានិស្សិតដែលសិក្សានៅសកលវិទ្យាល័យនៃប្រទេសកម្ពុជា ក្រោយពេលព្រឹត្តិការណ៍ Hackathon រយៈពេលពីរថ្ងៃកាលពីខែមេសា បេក្ខជនចំនួន១៥ ក្រុមបានជាប់ក្នុងការជម្រុះចេញពីបេក្ខជនចំនួន៣០ ក្រុមដំបូង ។

ពួកគេបានចំណាយពេលមួយខែមកនេះ ដើម្បីសម្រិតសម្រាំងគោលគំនិតអាជីវកម្មរបស់ខ្លួន ក្រោមការជួយគាំទ្រពីអ្នកជំនាញក្នុងឧស្សាហកម្ម និងពីក្រុមហ៊ុន Smart ហើយដែលបានឆ្លងកាត់វគ្គ «Technopreneurship Challenge» រយៈពេលមួយសប្ដាហ៍ នៅក្នុងខេត្តបាត់ដំបង ដែលវគ្គនេះ បានជួយដុសខាត់គំនិតរបស់ពួកគេ ក៏ដូចជាសម្រិតសម្រាំងឯកសារបទបង្ហាញរបស់ពួកគេផងដែរ ដើម្បីត្រៀមក្នុងការធ្វើបទបង្ហាញចុងក្រោយ នៅថ្ងៃអាទិត្យនេះ ។

ក្រុមនិស្សិតត្រូវធ្វើយ៉ាងណាឲ្យក្រុមគណៈកម្មការវាយតម្លៃជឿជាក់លើគំនិត អាជីវកម្មរបស់ខ្លួនទាក់ទិននឹងភាពដើម លទ្ធភាពទទួលផលចំណេញ និងសារសំខាន់នៃគំនិតអាជីវកម្មរបស់ខ្លួន នៅពេលដែលពួកគេធ្វើបទបង្ហាញដោយផ្ទាល់ នៅចំពោះមុខអ្នកចូលរួម នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នារាជធានីភ្នំពេញ នៅថ្ងៃអាទិត្យនេះ ។

ក្រុមនិស្សិតចំនួនប្រាំក្រុមដែលជាប់នៅសប្តាហ៍នេះនឹង ឈានបន្ទាប់ទៅកាន់ ដំណាក់កាលបណ្ដុះបណ្ដាលលម្អិតរយៈពេល៦ខែ ដែលក្នុងរយៈកាលនោះ ផែនការអាជីវកម្មរបស់ពួកគេនឹងត្រូវសម្រិតសម្រាំងបន្ថែមទៀត និងរៀបចំឲ្យចេញជាគំនិតអាជីវកម្ម ដែលអាចទទួលផលចំណេញ ។ មួយក្រុមដែលបង្ហាញសក្តានុពលខ្លាំងបំផុតនឹងមានឱកាសធ្វើដំណើរទស្សនៈកិច្ច នៅក្រុមហ៊ុននានាដូចជា Google, Facebook និង Microsoft នៅប្រទេសសិង្ហបុរី និងដើម្បីទទួលបាននូវគន្លឹះ និងដំបូន្មានដ៏មានតម្លៃបន្ថែមទៀត ។

សូមចូលរួមក្នុងព្រឹត្តិការណ៍ធ្វើបទបង្ហាញចុងក្រោយ នាថ្ងៃអាទិត្យនេះ ដោយសេរី ដើម្បីគាំទ្រនឹងទទួលបានគំនិត​អាជីវកម្មបែបឌីជីថល​របស់និស្សិតខ្មែរ និងដើម្បីលើកស្ទួយអនាគតនៃការអភិវឌ្ឍន៍វិស័យឌីជីថល នៅកម្ពុជា ៕