(សៀមរាប)៖ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង រវាងរថយន្ដ Camry ពណ៌សមួយគ្រឿង និងម៉ូតូមួយគ្រឿង នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិត​លើកំណាត់ផ្លូវលេខ៦ ​ភូមិក្រឹង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បណ្ដាលឲ្យមនុស្ស​៤នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត​។

សាក្សីបានប្រាប់ភ្នាក់ងារ Fresh News មុនពេលកើតហេតុ រថយន្ដ Camry ពណ៌ស​១គឿង បើកទិសដៅពីសៀមរាប សំដៅទៅប៉ោយប៉ែត ក្នុងល្បឿនយ៉ាងលឿន ហើយបានទៅបុកម៉ូតូ C១០០ (មិនស្គាល់ឆ្នាំផលិត) ដែលមានជិះគ្នា​៣នាក់ ​មាន​ប្ដី ប្រពន្ធ និងកូនតូចម្នាក់ ដែលបើកបរ ក្នុងទិសដៅពីជើងទៅត្បូង គឺពីស្រុកក្រឡាញ់ ទៅសៀមរាប ដែលបើកនៅខាងស្ដាំដៃរបស់ខ្លួន បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ដោយឡែក​រថយន្ដ​បានហោះ​ទៅធ្លាក់ចូលប្រឡាយទឹក ​បណ្ដាលអ្នកជិះក្នុងម្នាក់​របួសធ្ងន់ ក្នុងចំណោម​អ្នកជិះ​៣នាក់​។

ក្រោយកើតហេតុភ្លាមៗ កម្លាំង​នគរបាលចរាចរ​ស្រុកក្រឡាញ់ ​បាន​ចុះទៅកន្លែងកើតហេតុ ដើម្បីបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងធ្វើការវាស់វែងយកវត្ថុតាងទាំង២ ទៅរក្សាទុកដោះស្រាយតាមច្បាប់៕