(ភ្នំពេញ)៖ កម្ពុជានឹងរៀបចំវេទិកាស្រូវអង្ករ កម្ពុជាឆ្នាំ២០១៧ លើកទី៦ រយៈពេល៣ថ្ងៃចាប់ថ្ងៃទី១០ ដល់១២ ខែខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ ដែលគ្រោងនឹងមានប្រទេសចំនួន៤០ចូលរួម ក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ។

លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា វេទិកាស្រូវអង្ករកម្ពុជា នឹងប្រារព្ធទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ។

លោកបន្តថា វេទិកាដ៏សំខាន់នេះ នឹងមានការចូលរួមចែករំលែកបទពិសោធន៍ ពី​អ្នកជំនាញផ្នែកស្រូវអង្ករ ដែលមកពីក្រុមហ៊ុនធំៗ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺ នឹងមានកម្មវិធី៣ក្នុងពេល​តែមួយ។ វេទិកានេះមានលក្ខណៈពិសេសដោយ លើកយកប្រធានបទ ការធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម វិស័យស្រូវអង្ករ និង​បានអញ្ជើញអ្នកជំនាញជាតិ និងអន្ដរជាតិ ដែលមានបទ ពិសោធន៍ ដើម្បីផ្លាស់ប្ដូរយោលបល់ថែមទៀត។

អគ្គលេខាធិការរូបនេះ បានបញ្ជាក់ទៀតថា ទន្ទឹមនឹងនោះក៏មានពិព័រណ៍ផលិតផលកសិកម្ម ទាក់ទងនឹងគ្រឿងចក្រ គ្រឿងយន្ដក្នុងធ្វើ ទំនើបកម្ម ពិព័រណ៍នេះក៏មានគ្រឿងចក្រពី​បណ្ដាប្រទេសផ្សេងៗមកដាក់តាំង ចំពេលដែលកម្មវិធីធ្វើសន្និសីទ ពិភាក្សាទៅលើការ ធ្វើទំនើបកម្ម ក្នុងវិស័យស្រូវអង្ករកម្ពុជាផងដែរ។ ក្នុងនោះក៏មានការប្រកួតប្រជែង ស្រូវ អង្ករ ដោយយកស្រូវអង្ករ ដែលឈ្នះមកដាំបាយ ធ្វើបង្អែម ឬធ្វើម្ហូប ដើម្បីដាក់ឲ្យអ្នកចូលរួម​ទាំងអស់ទទួលទានថែមទៀតផង៕