(ស្វាយរៀង)៖ លោក សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ​គណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង ប្រធានក្រុមការងារចុះជួយស្រុករមាសហែក នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៧ថ្ងៃកន្លងទៅ នៃវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ សមាជិក សមាជិកា ថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះជួយស្រុក ឃុំ ភូមិ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ ភូមិ ជាច្រើនរូបផងដែរ។

របាយការណ៍របស់គណៈកម្មាធិការស្រុករមាសហែក រាយការណ៍ថា លោកស្រីបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនៅវត្តសាមគ្កី ឃុំត្រពាំងស្តៅ ឧបត្ថម្ភថវិកាចំនួន៣៨.៨៧៦.០០០រៀល, ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង ៦បន្ទប់ នៅសាលាបឋមសិក្សាហ៊ុនសែន មុខដា។

លោក សៅ សុខា បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នោះទៅកាន់ ការបោះឆ្នោតក្រុមប្រឹក្សា​ឃុំសង្កាត់អាណត្តិទី៤, ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា វត្តសាមគ្គីរង្សី ឃុំក្រសាំង, ក្នុងពិធីឆ្លងឧបដ្ឋានសាលាវត្តតាហង់ ឃុំកំពង់ត្រាច, ក្នុងពិធីឆ្លងឧបដ្ឋានសាលាវត្តអំពិលពោធិ៍ធំ ឃុំម្រាម, ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទំនប់បង្ហៀនៅឃុំដូង, ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ត ទិវា២០ ឧសភា និងពិធីបើកវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់​អាណត្តិទី៤ ឃុំត្រាច។

នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ជាថ្ងៃបើកវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ គ្រប់ឃុំទូទាំងស្រុក បានរៀបចំក្បួនដង្ហែរ វគ្គយុទ្ធនាការឃោសនាបោះឆ្នោតពីភូមិនីមួយៗ ឆ្ពោះមកទីស្នាក់ការគណបក្សឃុំ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុកផងដែរ។

ចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ក្រុមបេក្ខជននៅតាមឃុំនីមួយៗ បានចុះធ្វើសកម្មភាពឃោសនា តាមប្រតិទិនដែល គ ឃ ស ប បានសម្រេចជាផ្លូវការ។