(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាល​រាជធានីភ្នំពេញ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នេះថា ជនសង្ស័យជាចោរឆក់ម្នាក់ត្រូវបានកម្លាំងនគរបាលរបស់លោកបន្តស៉ើបអង្កេតរហូតឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនិតិវិធីបន្ទាប់ពីជនសង្ស័យ​បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿង​របស់ប្រជាពលរដ្ឋបានសម្រេច​កាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ «ពោលមានរយះពេល១៣ថ្ងៃមកហើយ» នៅត្រង់ចំណុចទល់មុខក្រុមហ៊ុនស្រា​សាច់ដុំ ស្ថិតក្នុងផ្ទះលេខ១៦៩ ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។

ក្រោយទទួលបានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ដែលមិនបានមកដាក់ពាក្យបណ្ដឹង លោកក៏បានចាត់កម្លាំងដើម្បីបើកការ​ស្រាវជ្រាវតាំងពីថ្ងៃទី១១ ឧសភាកន្លងមករហូតឈានទៅដល់ការឃាត់ខ្លួនសង្ស័យជាចោរឆក់ឈ្មោះ អ៊ី លឹមងួន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ខាងលើនេះបាននៅរសៀលថ្ងៃទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចទល់មុខក្រុមហ៊នស៊ុយហ្ស៊ុយគី លើកំណាត់ផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រោយការឃាត់ខ្លួន កម្លាំងនគរបាលដកហូតបានវត្ថុតាងមានម៉ូតូ១គ្រឿងម៉ាកហុងដាXR ពណ៌ក្រហម សេរីឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ១GG-០៦៣៧ ដែលជាមធ្យោធ្វើសកម្មភាពរបស់ជនសង្ស័យ ដើម្បីនាំមកសាកសួរយកចម្លើយ និងបន្តបញ្ជូនខ្លួនទៅអនុវត្តច្បាប់នៅសាលាដំបូងរាជធានីភ្នំពេញ៕