(ភ្នំពេញ)៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គ.ជ.ប) ​បាន​ណែនាំ​ដល់​គ្រប់​គណបក្ស​នយោបាយ ​ក៏ដូចជា​អ្នកគាំទ្រ​រក្សា​ឲ្យបាន​នូវ​ក្រមសីលធម៌ ​ចៀសវាង​ការប្រើ​ពាក្យ​អសីលធម៌ ​ប្រមាថ ​និង​មាក់ងាយ ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត ​ដែល​នាំឲ្យ​ជះឥទ្ធិពល​ការ​អាក្រក់​ដល់​ការបោះឆ្នោត​។​

សេចក្តីអំពាវនាវរបស់ គ.ជ.ប នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ បានឱ្យដឹងថា គណបក្ស នយោបាយ បេក្ខជន និង ភ្នាក់ងារ គណបក្សនយោបាយទាំងអស់នៅកម្ពុជា ត្រូវអនវុត្តឱ្យបានម៉ឹងម៉ាត់ តាមមាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដូចតទៅ៖

១៖ គណបក្សនយោបាយ និងបេក្ខជនទាំងអស់ ត្រូវចៀសវាងប្រព្រឹត្តអំពើគំរាមកំហែង ឬបំភិតបំភ័យ ឬអំពើហិង្សាទៅលើប្រជាពលរដ្ឋ ទៅលើគណបក្សនយោបាយ ឬបេក្ខជនដទៃទៀត។

២៖ គ្រប់គណបក្សនយោបាយ និងបេក្ខជនទាំងអស់ មិនត្រូវញុះញង់អ្នកគាំទ្រ ឬអ្នកបោះឆ្នោតឱ្យប្រព្រឹត្តអំពើរំលោភ គំរាមកំហែង អំពើហិង្សា ឬបំភិតបំភ័យទៅលើបុគ្គល ឬគណបក្សដទៃទៀតឡើយ។
៣៖ គណបក្សនយោបាយ បេក្ខជន ឬតំណាងទាំងអស់ មិនត្រូវនិយាយដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍អក្សរក្នុងន័យអសីលធម៌ ប្រមាថ មាក់ងាយទៅលើបេក្ខជនអ្នកគាំទ្រ ឬលើបុគ្គលណាមួយឡើយ។

គ.ជ.ប បានបង្ហាញក្តីសង្ឃឹមរបស់ខ្លួនថា គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រ និងសមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ គោរព និងអនុវត្ត តាមសេចក្តីណែនាំអំពាវនាវខាងលើនេះ ឱ្យបានមានប្រសិទ្ធភាព៕

​សូម​អាន​ការណែនាំ​របស់ ​គ.ជ.ប ​ដែល ​Fresh ​News ​ទទួល​បាន​មុន​នេះ​បន្តិច៖