(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចមិនឲ្យមានការលក់ដូរ និងពិសារគ្រឿងស្រវឹងនៅថ្ងៃទី០៣ និងទី០៤ ខែមិថុនា ឆ្នាំ២០១៧នោះឡើយ ដើម្បីរក្សាសន្តិសុខសណ្តាប់ និងបញ្ចៀសអំពើហិង្សានានានៅក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុម សង្កាត់។

តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានសង្កេតឃើញថា ការពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ ភាគច្រើនអាចបង្កមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តបទល្មើសនានា ឬករណីខ្លះអាចបណ្តាលឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈថែមទៀតផង។

ក្រសួង ស្ថាប័ន កងរាជអាវុធហត្ថ កងនគរបាលជាតិ រួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រុវធ្វើការបំពាក់បំប៉ន ដល់មន្រ្តីរាជការក្រោមឱវាទ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផព្វផ្សាយ អប់រំណែនាំប្រជាពលរដ្ឋ និងជនបរទេសទាំងអស់ ក្នុងមូលដ្ឋានរបស់ខ្លួន អនុវត្តផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹង ក្នុងគោលបំណេងធ្វើឱ្យកិច្ចដំណើរការបោះឆ្នោត ជ្រើសរើសក្រុបម្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ប្រព្រឹត្តទៅ ដោយបរិយាកាសនយោបាយល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តទី ៤ នឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១២ចូលរួម៕

ព័ត៌មានលំអិតសូមអានសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច៖