(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ តាមរយៈបណ្តាញព័ត៌មាន Fresh News សូមអបអរសាទរ និងថ្លែងអំណរគុណដល់ទេសចរ អន្តរជាតិ ដែលបានបោះឆ្នោតតាមរយៈគេហទំព័រដ៏ធំ បំផុតលើពិភពលោក Trip Adviser ជូនប្រាសាទអង្គររបស់ខ្មែរ ជាសំណង់ប្រវត្តិសាស្ត្រ ដ៏អស្ចារ្យបំផុត ជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក សំរាប់ឆ្នាំ២០១៧។

កាលពីពេលថ្មីៗនេះ គេហទំព័រប្រឹក្សាយោបល់នៃការធ្វើដំណើរ (TripAdvisor) ដ៏ល្បីល្បាញ និងធំជាងគេរបស់ពិភពលោក បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់ខ្មែរ ជាសំណង់ដ៏មានសារសំខាន់ ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុត របស់ពិភពលោកសម្រាប់ឆ្នាំ២០១៧នេះ (Best Landmark in the World) ក្រោយពីមានការចូលរួមបោះឆ្នោតគាំទ្រ ពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក។

នេះជាឆ្នាំទី៤ហើយ ដែលប្រាសាទអង្គរវត្តត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ១ជាប់ៗគ្នា តាមរយៈគេហទំព័រ ដ៏ល្បីល្បាញផ្សេងៗគ្នា។ ជាក់ស្តែងកាលពីឆ្នាំ២០១៤ អង្គរវត្តបានជាប់ចំណាត់ថ្នាក់ជាតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តលេខមួយ លើពិភពលោក ដែលត្រូវបានរៀបចំឡើងដោយគេហទំព័រ ArchaeoMadness ដែលជាគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់ លើពិភពលោកមកប្រៀបធៀបគ្នា។

នៅឆ្នាំ២០១៥ សៀមរាប-អង្គរ ក៏បានជាប់ជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវទេសចរ​លេខមួយក្នុង​តំបន់អាស៊ី និងលេខពីរលើពិភពលោក ដែលត្រូវរៀបចំឡើងដោយគេហទំព័រប្រឹក្សាយោបល់នៃការធ្វើដំណើរ TripAdvisor (TripAdvisor Traveler’s Choice Destination Award) ព្រមជាមួយការទទួលបានលេខមួយ ជាគោលដៅទេសចរណ៍លំដាប់កំពូល របស់ពិភពលោកដែលជ្រើសរើសដោយស្ថាប័នធ្វើដំណើរ Lonely Planet(Lonely Planet’s Ultimate Travelist 2015)។

ទន្ទឹមនឹងនេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានរំលឹកថា កាលពីខែឧសភា ២០១៦កន្លងមក លោក Anton Caragea ប្រធានក្រុមប្រឹក្សា ទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប (European Council on Tourism and Trade) និងលោក Mircea Constantinescu ប្រធានបណ្ឌិតសភា ទេសចរណ៍អឺរ៉ុប (European Tourism Academy) បានធ្វើដំណើរផ្ទាល់មកកម្ពុជា​មកប្រកាសកម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុតលើ ពិភពលោកសំរាប់ឆ្នាំ២០១៦ (2016 World Best Destination) និងជាគោលដៅទេសចរណ៍វប្បធម៌ដ៏ពេញនិយម (Favorite Cultural Destination Distinction 2016) ដោយចាត់ទុកព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជាណាចក្រអច្ឆរិយៈលើ៥ចំណុចគឺ៖
* អច្ឆរិយៈភាពខាងវប្បធម៌ ជាពិសេសប្រាសាទអង្គរវត្ត ដែលជាស្នាដៃរបស់មនុស្សខ្មែរតំណាងឲ្យមនុស្សជាតិទាំងមូល និងអច្ឆរិយៈភាពខាងធម្មជាតិ
* បឹងទន្លេសាប ដ៏ធំនៅអាស៊ី ដែលមានទឹកហូរត្រលប់ ដែលគ្មានពីរលើពិភពលោក
* ភាពពិសេសរបស់ព្រះពុទ្ធសាសនានៅកម្ពុជា ដែលមិនត្រឹមតែអប់រំមនុស្សឲ្យក្លាយជាពុទ្ធសាសនិកប៉ុណ្ណោះទេ តែថែមទាំងអប់រំមនុស្សទូទៅឲ្យធ្វើតែអំពើល្អ
* ភាពញញឹមរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលលោក Anton Caragea បានគូសបញ្ជាក់ថា បើចង់ឃើញភាពញញឹមរួសរាយរាក់ ទាក់ពិតប្រាកដរបស់មនុស្សគឺត្រូវមកកម្ពុជា
* ការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានបញ្ចូលវិស័យទេសចរណ៍ និងវប្បធម៌រួមគ្នាសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ព្រមជាមួយនេះ លោក Mircea Constantinescu ប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប (European Tourism Academy) បាននាំមកនូវសេចក្តីសំរេច របស់បណ្ឌិតសភាទេសចរណ៍អឺរ៉ុបដែលបានបោះឆ្នោតជាឯកច្ឆ័នជ្រើសតាំង សម្តេចតេជោនាយករដ្ឋមន្រ្តី ជាសមាជិកកិត្តិយស នៃបណ្ឌិតសភា ទេសចរណ៍អឺរ៉ុប (European Tourism Academy) ដោយលោកបានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី ជាវីរៈជនដ៏កម្រមួយរបស់ពិភពលោក ដែលបានអភិវឌ្ឍ ប្រទេសតាំងពីចំណុចសូន្យរហូតដល់មានការអភិវឌ្ឍន៏រីកចំរើនលើគ្រប់វិស័យដែលមានការទទួលស្គាល់លើឆាកជាតិ និងអន្តរជាតិ និងបានប្រសិទ្ធនាម សម្តេចតេជោនាយករដ្ឋមន្ត្រីជាបុគ្គលពូកែធ្វើ (Man of Action) បុគ្គលពូកែចរចា (Man of Dialogue) និងជាបុគ្គលពូកែគិត និងឆ្លុះបញ្ចាំង (Man of Reflection)។

លទ្ធផលនេះពិតជាសក្តិសមណាស់សម្រាប់កម្ពុជា ជាពិសេសប្រាសាទអង្គរវត្ត ដែលទទួលបានការគាំទ្រពីភ្ញៀវទេសចរ​នៅជុំវិញពិភពលោក ដោយអឆ្ឆរិយៈភាពរបស់ខ្លួនផ្ទាល់ក្នុងនាមជាបេតិកភណ្ឌដ៏ល្បីល្បាញរបស់ពិភពលោក ព្រមជាមួយអឆ្ឆរិយៈភាពធម្មជាតិ និងអឆ្ឆរិយៈភាពវប្បធម៌ ដ៏សំបូរបែបនៅទូទាំងប្រទេស។

ការទទួលបានចំណាត់ថ្នាក់លេខមួយជាបន្តបន្ទាប់នេះ ពិតជាបានឆ្លុះបញ្ចាំងពីជោគជ័យរបស់រាជរដ្ឋាភិបាល ក្រោមម្លប់នៃសន្តិភាព និងការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាស្ថាបនិកនៃគោលនយោបាយ «ឈ្នះឈ្នះ» និងគោលនយោបាយ «បើកចំហរជើងមេឃ» ព្រមទាំងគោលនយោបាយផ្សេងៗជាច្រើនទៀត ដើម្បីជំរុញការអភិវឌ្ឍមាតុភូមិជាទីស្នេហា នៃយើងប្រកបដោយចីរភាព៕

គេហទំព័រដ៏ល្បីរបស់ពិភពលោកមួយនេះ បានឲ្យចំណាត់ថ្នាក់ទៅលើសំណង់ប្រាសាទចំនួន២៥ លើពិភពលោក ដូចខាងក្រោមនេះ៖

ទី១៖ ប្រាសាទអង្គរវត្ត Angkor Wat នៅខេត្តសៀមរាប របស់ប្រទេសកម្ពុជា

ទី២៖ សំណង់ Sheikh Zayed Grand Mosque Center នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម
ទី៣៖ សំណង់ Mezquita Cathedral de Cordoba នៅទីក្រុង Cordoba ប្រទេសអេស្ប៉ាញ

ទី៤​៖ សំណង់ St. Peter's Basilica នៅ​បុរី V​atican ប្រទេសអ៊ីតាលី

ទី៥៖ សំណង់ Taj Mahal នៅទីក្រុង Agra ប្រទេសឥណ្ឌា

ទី៦៖ សំណង់ Church of the Savior on Spilled Blood នៅទីក្រុង Petersburg ប្រទេសរុស្ស៊ី

ទី៧៖ សំណង់ Great Wall at Mutianyu នៅទីក្រុងប៉េតាំង ប្រទេសចិន

ទី៨៖ សំណង់ Machu Picchu នៅទីក្រុង Machu Picchu ប្រទេសប៉េរ៉ូ

ទី៩៖ សំណង់ Plaza de Espana នៅទីក្រុង Seville ប្រទេសអេស្ប៉ាញ
ទី១០៖ សំណង់ Duomo di Milano នៅទីក្រុង Milan ប្រទេសអ៊ីតាលី
ទី១១៖ សំណង់ Golden Gate Bridge  នៅទីក្រុង San Francisco រដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក
ទី១២៖ សំណង់ Lincoln Memorial នៅទីក្រុង វ៉ាស៊ីនតោង សហរដ្ឋអាមេរិក
ទី១៣៖ សំណង់ Eiffel Tower ទីក្រុងប៉ារីស ប្រទេសបារាំង
ទី១៤៖ សំណង់ Parliament ទីក្រុង Budapest ប្រទេសហុងគ្រី
ទី១៥៖ សំណង់ Notre Dame Cathedral នៅទីក្រុងប៉ារីស ប្រទេសបារាំង
ទី១៦៖ សំណង់ Corcovado Christ the Redeemer នៅទីក្រុង Rio de Janeiro ប្រទេសប្រែស៊ីល
ទី១៧៖ សំណង់ Big Ben នៅទីក្រុង London ប្រទេសអង់គ្លេស
ទី១៨៖ សំណង់ Acropolis នៅទីក្រុង Athens ប្រទេសគ្រិច
ទី១៩៖ សំណង់ Main Market Square នៅទីក្រុង Krakow ប្រទេសប៉ូឡូញ
ទី២០៖ សំណង់ El Ateneo Grand Splendid នៅទីក្រុង Buenoe Aires ប្រទេសអាហ្សង់ទីន
ទី២១៖ សំណង់ Temple of the Reclining Buddha (Wat Pho) នៅទីក្រុងបាងកក ប្រទេសថៃ
ទី២២៖ សំណង់ Burj Khalifa នៅទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់រួម
ទី២៣៖ សំណង់ Fushimi Inari-taisha Shrine នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
ទី២៤៖ សំណង់ Ruinas Mayas de Tulum នៅទីក្រុង Tulum ប្រទេសម៉ិចស៊ីកូ
ទី២៥៖ សំណង់ Sydney Opera House នៅទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី