(ភ្នំពេញ)៖ ត្រឹមទឹកប្រាក់ប្រមាណ២ពាន់ដុល្លារតែប៉ុណ្ណោះ សហគ្រិនវ័យក្មេងកម្ពុជាមួយក្រុម នៃសហគ្រាសសិប្បកម្មសង្គម ផលិតកាបូបដៃបុរស ច្នៃពីពោះវៀនកង់ឡាន ទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន ព្រមទាំងមានទីផ្សារធំនៅបរទេស និងកម្ពុជា។

លោក ឌុក ខេមរា សហស្ថាបនិក នៃសហគ្រាសសង្គមផលិតកាបូបដៃច្នៃពីសំបកពោះវៀនកង់ឡាន ដែលមានឈ្មោះថា Kraftino បានថ្លែងប្រាប់ សារព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះថា ការកែច្នៃពោះវៀនកង់ឡាននេះចូលរួម លើកម្ពស់ស្មារតីការពារបរិស្ថាន ក៏ដូចជា បានផ្ដល់ការងារទៅដល់បងប្អូនខែ្មរ​ ដែលភាគច្រើនពួកគាត់ជាជនពិការ និងស្រ្តីមានវិបត្តិ។

ម្យ៉ាងទៀតពោះវៀនកង់ឡាននេះ មានភាពទាក់ទាញ ទន់ស្វិតល្អ មិនរបក ឬពុកផុយ ជាពិសេសពោះវៀនកង់ឡាន ដែលប្រើប្រាស់ហើយ គឺមានផ្ទៃក្រឡាប្លែកៗ ដែលដានចេញពីសំបកកង់ឡាន ដែលធ្វើឲ្យកាបូបដៃនីមួយៗ មានភាពខុសប្លែកពីកាបូបដៃផ្សេងទៀតដែល ដាក់លក់លើទីផ្សារនាបច្ចុប្បន្ន។

លោកបានថ្លែងបន្ដទៀតថា «សម្រាប់ការបើកដំណើរការ ជាសហគ្រាសសង្គមផលិតកាបូបច្នៃពីពោះវៀន កង់ឡាននេះ គឺយើងបាន ចំណាយដើមទុនដំបូង អស់ត្រឹមតែ២ពាន់ដុល្លារតែប៉ុណ្ណោះ ដោយផលិតក្នុងប្រទេស កម្ពុជាហើយ លក់ចេញទៅទីផ្សារ អន្តរជាតិ ដោយបានទទួលការគាំទ្រពីអ្នកប្រើប្រាស់ ក្នុងប្រទសអភិវឌ្ឍជាច្រើន ដូចជា សហរដ្ធអាមេរិក អូស្រ្តាលី កាណាដា អង់គ្លេស និងតាមបណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុបផងដែរ»

សហគ្រាសសិប្បកម្មសង្គមផលិតកាបូបកែច្នៃពីពោះវៀនកង់ឡាន នេះបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០១៤ ប៉ុន្ដែទើបតែបង្កើត ជាម៉ាក Kraftino នៅពាក់កណ្ដាលឆ្នាំ២០១៦ និងបានដាក់លក់ក្នុងទីផ្សារកម្ពុជានៅដើមឆ្នាំ២០១៧។ សម្រាប់តម្លៃវិញត្រូវបានចែកចេញជាពីរ ដែលក្នុងស្រុកតម្លៃត្រឹមតែ ៦០០០០រៀល ឬ(១៥ដុល្លារ) ប៉ុណ្ណោះហើយទីផ្សារបរទេសវិញគឺតម្លៃ៩២០០០រៀល ឬ(២៣ដុល្លារ) លោក ឌុក ខេមរា បានបញ្ជាក់បន្ថែម។

លោកបានបន្ដទៀតថា «សម្រាប់ការផលិតកាបូបនេះក្នុង១ខែ យើងផលិតបានប្រមាណ ៥០០-១០០០កាបូប ជាមធ្យមអាស្រ័យ តាមតម្រូវការ របស់ទីផ្សារ។ កាបូបដៃ Kraftino មានលក់នៅហាងលីថល Little Fashion ដែលមានពីរសាខា គឺសាខាបឹងកេងកង និងសាខាស្ទឹងមានជ័យ និងមានទីតាំងពីរផ្សេងទៀត គឺនៅហាងលក់សំលៀកបំពាក់បុរសទាន់សម័យ H Style Fashion ដែលមានទីតាំងនៅក្រោយព្រះបរមរាជវាំង និងទួលទំពួង ហើយឥឡូវនេះយើងកំពុងតែព្យាយាមរកដៃគូរនៅ ខេត្តសៀមរាប ដើម្បីស្របទៅតាមតម្រូវការទីផ្សារនៅទីនោះ»

លើសពីនេះទៅទៀត ដើម្បីពង្រីកសក្ដានុពលសហគ្រាសសិប្បកម្មសង្គមនេះឲ្យកាន់តែខ្លាំងក្លាថែមទៀនោះ និងស្របទៅតាម តម្រូវការរបស់ប្រជាពលរដ្ឋ គាំទ្រ ផលិតផលខ្មែរ យើងគ្រោងនឹងស្វែងរកដៃគូលក់បន្តគ្រប់ខេត្តក្រុង ទូទាំងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀតឃើញថា ប្រជាជនកម្ពុជាគាំទ្រខ្លាំងណាស់ ចំពោះផលិតផលខ្មែរ ដោយពួកគេសម្ដែងការពេញចិត្តយ៉ាងខ្លាំង ជាមួយផលិតផល Kraftino ដែលធ្វើដោយដៃកូនខ្មែរ មានគុណភាព និងភាពច្នៃប្រឌិតខ្ពស់ នេះបើតាមលោក ឌុក ខេមរា បានគូសបញ្ជាក់បន្ថែម។

លោកបញ្ជាក់បន្ថែមទៀតថា «ផលិតផលរបស់យើងគឺជារបស់ខ្មែរសុទ្ធសាធតែម្ដង ចំពោះអតិថិជនដែលប្រើប្រាស់ ផលិតផលនេះ ខ្ញុំធានាថាពួកគាត់នឹងពេញចិត្តទាំងគុណភាព និងភាពច្នៃប្រឌិតរបស់យើងមួយវិញទៀត នៅពេល ដែលពួកគាត់ជួយគាំទ្រ និងប្រើប្រាស់ផលិតផលសិប្បកម្មសង្គម Kraftino នោះបញ្ជាក់ថាគឺពួកគាត់បានចូលរួម ចំណែក ជួយសង្គមខ្មែរ តាមរយៈការផ្ដល់ ការងារទៅដល់បងប្អូនដែលជាជនពិការ ស្ត្រីធ្លាប់បំរើសេវាកម្មផ្លូវភេទ និងស្រ្ដីមានវិបត្តិផ្សេងៗ ឲ្យមានការងារធ្វើ មានរបរចិញ្ចឹមជីវិតដ៏ត្រឹមត្រូវមួយហើយក៏បាន ចូលរួមថែរក្សានូវ បរិស្ថានផងដែរ។ សម្រាប់ការកែច្នៃយើងនឹងព្យាយាម ធ្វើយ៉ាងណាឲ្យមានគុណភាព និងសោភ័ណ្ឌភាពកាន់ តែល្អស្អាតថែមទៀត និងមានម៉ូតកាន់តែច្រើនដើម្បីឆ្លើយតប ទៅនឹងតម្រូវការទីផ្សារនាបច្ចុប្បន្ន»

ជាចុងក្រោយនេះ លោក ឌុក ខេមរា បានបញ្ជាក់ថា ការចូលរួមគាំទ្ររបស់បងប្អូនខ្មែរយើង គឺជាកត្តាជំរុញ និងលើកទឹកចិត្តឲ្យក្រុម ការងាររបស់លោកខិតខំកាន់តែខ្លាំងដើម្បីធ្វើអោយផលិតផលខ្មែរ ម៉ាក Kraftino នេះក្លាយជាម៉ាកដ៏ល្បីនៅលើ ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ សម្រាប់ម៉ាក ឬ​ឈ្មោះ Kraftino គឺមកពីភាសាអង់គ្លេស Craft បូកផ្សំនឹងពាក្យ Innovation ប៉ុន្តែពាក្យ Craft អក្សរ C ត្រូវបានប្តូរទៅ K វិញ ដែលតំណាងអោយ Khmer និងភាពច្នៃប្រឌិត។

សម្រាប់អតិថិជនដែលមានបំណងចង់ជាវយកទៅប្រើប្រាស់ អាចស្វែងរកបាន នៅតាមហាង Little Fashion សាខាបឹងកេងកង និងស្ទឹងមានជ័យ ឬហាង H style សាខាទួលទំពូង និងក្រោយវាំង ឬចូលទៅគេហទំព័រហ្វេសប៊ុក www.facebook.com/Kraftino ឬអាស័យដ្ឋានការិយាល័យរបស់ Kraftino បាននៅបុរីពិភពថ្មីទួលសង្កែ ផ្ទះ១១, ផ្លូវ ១៦, សង្កាត់ទួលសង្កែ រាជធានីភ្នំពេញ៕