(ភ្នំពេញ)៖ លោកស្រី ឌិត នីតា (ភរិយា​លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន) លោកស្រី ម៉ៅ ចំណាន (ស្រីតូច ចំណាន) ភរិយា លោកឧកញ៉ា គិត ម៉េង លោកស្រី ទេព កូលាប លោកស្រី ពុទ្ធ ធីតា និង លោកស្រី ហេង សុខគង់ (ភរិយា លោក សុខ ពេញវុធ) លោកស្រី ហង្ស តារាវត្តី និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ(ស.ស.យ.ក) ជាច្រើនរូបទៀត បានរួមសហការគ្នា បង្កើតកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកុមារកំព្រាកូលាបទី៤ រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ។

នៅក្នុងពិធីដដែលនេះ ក៏មានការចែកនូវសំភារៈប្រើប្រាស់ជូនដល់កុមារកំព្រា ក្នុងម្នាក់ៗទទួលបានសំភារៈសិក្សា និងប្រើប្រាស់ប្រចាំថ្ងៃម្នាក់២ឈុត និងទទួលបានការញុំាអាហារសាមគ្គីមួយពេលផងដែរ។ ក្រៅពីនោះក៏មានការ លេងហ្គេមកំសាន្ត ដើម្បីបង្កបរិយាកាស សប្បាយរីករាយ នៅក្នុងពិថីទាំងមូលផងដែរ។

ជាមួយគ្នានោះដែរ ក៏មានការកាត់ខ្សែបូសម្ពោធសួនកុមារ នៅមជ្ឈមណ្ឌលកុមារកំព្រាកូលាប៤ ដែលជាជំនួយដោយផ្ទាល់របស់លោកឧកញ៉ា គិត ម៉េង និងលោកស្រី ម៉ៅ ចំណាន (ស្រីតូច ចំណាន)ផងដែរ។ នៅក្នុងសួនកុមារនេះ បានបំពាក់នូវឧបករណ៍ក្មេងលេងជាច្រើនប្រភេទ ដែលអាចឲ្យកុមារកំព្រា ដែលស្នាក់នៅក្នុងមណ្ឌលអាចលេងកម្សាន្តបានពេលសម្រាកពីការសិក្សា។

ថ្លែងឲ្យដឹងនៅក្នុងកម្មវិធីនេះ លោកស្រី ឌិត នីតា ភរិយាលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមដឹកនាំក្រុមការងារ ស.ស.យ.ក រាជធានីភ្នំពេញ បានលើកឡើងថា ការមកមណ្ឌលកុមារកំព្រារបស់លោកស្រី និងក្រុមការងារជាច្រើន រូបទៀត គឺដើម្បីចែករំលែកក្តីស្រឡាញ់ជូនដល់ប្អូនៗកុមារកំព្រាហើយក៏ជាពេលវេលា ចូលរួមអបអរសាទរទិវា កុមារអន្តរជាតិ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ផងដែរ។

ភរិយាលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា ក្តីសុបិន្តដ៍ធំរបស់លោកស្រី គឺចង់ឃើញ ប្អូនៗទាំងអស់សម្រេច បាននូវក្តីសុបិន្តរបស់ខ្លួន ដែលចង់ក្លាយទៅជាមនុស្សល្អ និងជាបង្គោលដល់គ្រួសារ និងសង្គមជាតិ។ លោកស្រីបន្តថា ដើម្បីឲ្យប្អូនៗសម្រេចបាននៅក្តីសុបិន្តរបស់ខ្លួន យើងត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះដឹង និងស្តាប់ការទូន្មនារបស់លោកគ្រូ អ្នកគ្រូនៅក្នុងមណ្ឌល និងនៅសាលារៀនជាដើម។

កុមារី សេង​ ដាលីន ជាកុមារកំព្រា​ររស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាកូលាប៤ តំណាងឲ្យកុមារកំព្រា នៅក្នុងមណ្ឌល បានថ្លែងអំណរគុណដល់លោកស្រីគ្រប់គ្នា និងក្រុមការងារស.ស.យ.ក បានចូលរួមជួយ និងផ្តល់ក្តីស្រឡាញ់ដល់កុមារកំព្រាទាំងអស់។

កុមារី ដាលីន បានឲ្យដឹងថា លោកស្រីទាំងអស់គ្នា មិនដែលបំភ្លេចកុមារកំព្រានៅទីនេះឡើយ គឺតែងតែអញ្ជើញមក នៅពេលទំនេរ និងចំណាយពេលវេលាដ៏មានតម្លៃមកចែកជូនក្មេងគ្រប់គ្នា។ តំណាងឲ្យកុមារកំព្រា ដាលីន បានប្តេជ្ញាថា ពួកយើងគ្រប់គ្នា នឹងខិតខំរៀនសូត្រ ធ្វើជាក្មេងល្អ និងសិស្សល្អ ដើម្បីជាទំពាំងស្នងឬស្សី ជួយដល់ការអភិវឌ្ឍកម្ពុជានាពេលអនាគត។

នេះមិនមែនជាលើកទី១នោះទេដែល លោកស្រី ឌិត នីតា (ភរិយា​លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន) លោកស្រី ម៉ៅ ចំណាន (ស្រីតូច ចំណាន) ភរិយា លោកឧកញ៉ា គិត ម៉េង និងលោកស្រីភរិយាថ្នាក់ដឹកនាំធំៗជាច្រើនរូបទៀត ព្រមទាំងក្រុមការងារ ស.ស.យ.ក រាជធានីភ្នំពេញ បានចូលរួមសហការគ្នា បង្កើតកម្មវិធីជាច្រើនជួយដល់កុមារកំព្រា នៅក្នុងមណ្ឌលកុមារកំព្រាកូលាប៤នេះ និងនៅតាមសហគមន៍ និងកន្លែងខ្វះខាតជាច្រើនទៀត នៅទូទាំងប្រទេស៕