(ព្រៃវែង)៖ ថ្លែងចេញពីស្រុកកញ្ជ្រៀច ខេត្តព្រៃវែង សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារថ្នាក់ កណ្តាល ចុះជួយខេត្តព្រៃវែង បានប្រាប់ទៅប្រជាពលរដ្ឋទាំងអស់ឲ្យត្រៀមឯកសារគ្រប់គ្រាន់ តាមការកំណត់របស់ គ.ជ.ប ដើម្បីចូលរួមការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃអាទិត្យទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ ដើម្បីបន្តដំណើរការកសាង អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែរីកចម្រើន សម្បូរសប្បាយថែមទៀត។

នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល ជាមួយសមាជិកបក្ស និងបេក្ខជនក្រុមប្រឹក្សាឃុំជាង៣០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកញ្រ្ជៀច។ នៅក្នុងពិធីនេះ ក៏មានការចូលរួមពី នាយឧត្តមសេនីយ៍ នេត សាវឿន ប្រធានក្រុមការងារស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ។

នៅក្នុងឱកាសនោះ សម្តេច ស ខេង បានលើកឡើងច្បាស់ៗថា «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលហ៊ានថា គឺហ៊ានធ្វើ មិនមែនជា គណបក្ស ដែលចេះតែដើរសន្យាខ្យល់នោះទេ។ គោលដៅរបស់គណបក្សប្រជាជនកម្ពុជា គឺអភិវឌ្ឍន៍ប្រទេសជាតិ ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាព កាន់តែប្រសើរឡើង ហើយដើម្បីសម្រេចគោលដៅនេះ ទាល់តែប្រទេសជាតិមានស្ថេរភាព និងសន្តិភាព»

សម្តេចបានអះអាងថា ក្នុងប្រវត្តិសាស្រ្ត គ្មានគណបក្សណាមានស្នាដៃកសាងប្រទេសជាតិ ដូចគណបក្សប្រជាជននោះទេ។ «បើការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ឈ្នះ មានន័យថា បោះឆ្នោតព្រឹទ្ធសភាឈ្នះ និងបោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌឈ្នះ អញ្ចឹងយើងនៅតែការបោះឆ្នោតថ្នាក់ជាតិ»

បើតាមការបញ្ជាក់ពីសម្តេចក្រឡាហោម គណបក្សប្រជាជនកម្ពុជា ធ្លាប់បានដោះស្រាយបញ្ហាច្រើនណាស់ ពិសេសការផ្តួលរំលំ របបប្រល័យពូជសាសន៍ និងការពារការវិលត្រឡប់មកវិញនៃរបបនេះ ប៉ុន្តែការដឹកនាំប្រទេសវាមិនអាចល្អឥតខ្ចោះនោះទេ វាគ្រាន់តែឆ្លុះបញ្ចាំងពីបុគ្គលមួយចំនួនប៉ុណ្ណោះ៕