(កណ្តាល)៖ លោកស្រី ទាវ ធីតា នាយិកាស្ថានីយ៍ទូរទស្សន៍ «យូខេធីវី» និងក្រុមគ្រួសារ និងសហការី បានចុះសំណេះសំណាល ជាមួយសិស្សានុសិស្ស៦៣០នាក់ និងបាននាំទេយ្យវត្ថុប្រគេន ព្រះចៅអធិការវត្ត ព្រះនាម ផេង គឹមសេង គង់នៅ វត្តពាមប្រជុំ ក្នុងភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ។ សម្រាប់ទេយ្យវត្ថុប្រគេន ជូនព្រះសង្ឃ១៦អង្គ រួមមាន បាឡុង គ្រឿងបរិក្ខារផ្ទះបាយ (អង្គរ ទឹកត្រី ទឹកស៊ីអ៉ីវ អំបិល ប៊ីចេង ស្ករ និងថវិកាមួយអង្គ២ម៉ឺនរៀល)។

ការជួបសំណេះសំណាលរបស់លោកស្រី ទាវ ធីតា នាពេលនេះ បានធ្វើឡើងខណៈដែលទិវាកុមារអន្តរជាតិ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ជិតខិតមកដល់ ក្នុងពេលឆាប់ៗនេះ។

ក្នុងពេលសំណេះសំណាលជាមួយសិស្សានុសិស្ស លោកស្រី ទាវ ធីតា ក៏បានប្រាប់ដល់ពួកគាត់ ឲ្យខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សី ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

នៅក្នុងឱកាសនោះដែរ លោកស្រី ទាវ ធីតា និងក្រុមគ្រួសារ ក៏បានប្រគល់ជូនថវិកា ដល់យាយជី និងតាជី ចំនួន ១៤នាក់ ដោយក្នុងម្នាក់ៗទទួលបានតែ និងស្ករ រួមទាំងថវិកាម្នាក់ៗ ១ម៉ឺនរៀល ។

ក្រៅពីនោះ លោកគ្រូ និងអ្នកគ្រូ ចំនួន១២នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា២ម៉ឺនរៀល និងអង្គរម្នាក់៥គីឡូក្រាម និង សិស្សានុសិស្ស ចំនួន៦៣០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា២ពាន់រៀល និងម្នាក់ៗទទួលបានអង្ករ ៥គីឡូក្រាម។

ក្រៅពីនោះក៏មានការប្រគល់ជូនសំភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់ ជាច្រើនមុខទៀត ផងដែរ៕