(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ ​ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ​សហការជាមួយ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចុះឃាត់ខ្លួនជនជាតិវៀតណាម២៩នាក់ ស្រី៧នាក់ ស្ថិតតាមបណ្តោយមាត់ទន្លេ ផ្លូវលេខ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌមានច្បារអំពៅ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី បានឲ្យដឹងថា ​ជនបរទេសជាតិវៀតណាម២៩​នាក់ ស្រី៧នាក់ គឺគ្មានឯកសារត្រឹមត្រូវបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បើឃាត់ខ្លួនជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីកសាងសំណុំរឿង ចាត់វិធានការតាមច្បាប់។

បើតាមលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា «ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន សរុបចំនួន ១,០២៥នាក់ ក្នុងស្រី២២៦នាក់ មានចំនួន៣៥សញ្ជាតិ»។ បើលោកឧត្តមសេនីយ៍ ប្រធាននាយកដ្ឋាន ក្នុងចំណោមជនបរទេស​ដែលអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បណ្ដេញឲ្យទៅប្រទេសដើមវិញនោះ ភាគច្រើនជាជនជាតិវៀតណាម ដែលមានចំនួន៧១២នាក់ ស្រី១៩៥នាក់។​

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីរូបនេះ បានបន្ថែមថា បើទោះបីពេលនេះកម្លាំងជំនាញ បានបណ្ដេញជនបរទេសដែលបាន ចូលមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់ពីកម្ពុជា ជាបន្ដបន្ទាប់ទៅហើយក្ដី ប៉ុន្ដែជំនាញមិនបោះបង់ចោលការងារនេះទេពោលកម្លាំងនគរបាល ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអន្តោប្រវេសន៍ នឹងបន្តប្រតិបត្តិការនេះឲ្យដូចភ្លៀងរលឹម។

សូមជម្រាបថា​ របាយការណ៍របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍​ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ កម្លាំងនគរបាលអន្តោប្រវេសន៍សហការ ជាមួយកម្លាំងនគរបាលរាជធានី-ខេត្ត បានចាប់ខ្លួន និងបានបណ្ដេញជនបរទេសខុសច្បាប់ចំនួន២,៩៩៨នាក់ ក្នុងនោះភាគច្រើន ជាជនជាតិវៀតណាម មានចំនួន១,៦៣២នាក់៕