(កំពត)៖ បុរសម្នាក់ចេញពីធ្វើការ ប្រញាប់ទៅផ្ទះ តែបើកបរម៉ូតូមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តបណ្តាលឲ្យដួលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិប្រផុង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត។

បើតាមសម្តីមន្ត្រីនគរបាលស្រុកបន្ទាយមាស ដែលអង្គភាព Fresh Nwes ទទួលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បង់ជីវិតក្នុងហេតុការ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឈ្មោះ កើត វណ្ណា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិខ្នាច ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ បើកបរម៉ូតូ ម៉ាកហុងដាឌ្រីមសង់សេ១២៥ សេរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-1195 ចំណែក រថយន្ត ម៉ាករែនជ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-9224 អ្នកបើកបរមិនស្គាល់អត្តញ្ញាណបានគេចខ្លួនបាតស្រមោលក្រោយកើតហេតុភ្លាម។

មន្ត្រីនគរបាល ដដែលបានបន្តថា មុនកើតហេតុ ជនរងគ្រោះជិះម្នាក់ឯង ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ខាងលើមិនដឹងយ៉ាងម៉េចទេ ក៏ជ្រុលចង្កូតមកខាងឆ្វេងដៃហើយទៅបុកជាមួយរថយន្ត ម៉ាករែនជ័រ ខាងលើចំពីមុខពេញទំហឹង ដែលកំពុងធ្វើដំណើរ បញ្ច្រាស់គ្នាពីត្បូងទៅជើង នៅលើចំណែកផ្លូវចំហៀងខាងកើតបណ្តាលឲ្យអ្នកបើកបរម៉ូតូ ជាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង កើតហេតុតែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានភា្លមកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន និងកម្លាំងនគរបាលជំនាញស្រុកបានចុះទៅដល់កន្លែងកើតដើម្បីធ្វើការវាសវែង ហើយក៏បានប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារដឹកយក ទៅគេហដ្ឋានដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

រីឯរថយន្តបង្ក និងម៉ូតូបង្កត្រូវកម្លាំងនគរបាលជំនាញនាំយកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ដើម្បីស្រាវជ្រាវរកម្ចាស់ ឲ្យចូលខ្លួនមកដោះស្រាយទៅតាមនីតិវិធីច្បាប់៕