(ភ្នំពេញ)៖ ទឹកប្រាក់ប្រមាណ​ជាង៥ម៉ឺនដុល្លារ តាមរយៈសកម្មភាព​នៃការរៃអង្គាស​ពីមូលនិធិ CTN ពីតាមបណ្ដាខេត្តនានា របស់លោក សុវណ្ណ រិទ្ធី ហៅ​លោកតា វ៉ិចទ័រ ដែលជាប្រធាន​ផលិតកម្មវិធី ប្រចាំក្នុងស្ថានីយទូរទស្សន៍ CTN ត្រូវបាននាំយក​ទៅប្រគល់ជូន មន្ទីរពេទ្យ «គន្ធបុប្ផា» នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ ដែលជាសកម្មភាព​មនុស្សធម៌មួយ ត្រូវបានក្រុមកំប្លែង CTN តែងតែធ្វើការងារនេះ​ជាប្រចាំ។

​ថ្លែងនៅក្នុងពិធីប្រគល់ថវិកា ជូនមន្ទីរពេទ្យ គន្ធបុប្ផា លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ បានឲ្យដឹងថា ថវិកានេះ គឺជាថវិកាដែល​បាន​មកតាមរយៈក្រុមការងារ​របស់លោក បានរៃអង្គាសពីសប្បុរសជននានា ​តាមបណ្ដាខេត្តផ្សេងៗ និងសមាគមខ្មែរនៅ​អាមេរិក ហើយនេះមិនមែនជាលើកទី១ទេ ដែលក្រុមការងាររបស់​លោក​ជូនថវិកា ដល់មន្ទីរពេទ្យ គន្ធបុប្ផា ខណៈដែល​កន្លងមក មូលនិធិ CTN ក៏តែងតែនាំយក​មកប្រគល់ជូន មន្ទីរពេទ្យ ដែលកំពុងជួបប្រទះនូវការខ្វះខាតនេះ​​ផងដែរ។

លោក សុវណ្ណ រិទ្ធី បានបន្តទៀតថា លោកសូមអំពាវនាវ ដល់សប្បុរជនមេត្តាជួយ​ដល់សកម្មភាពនេះ ឲ្យកាន់តែខ្លាំងក្លា ប្រយោជន៍ដើម្បីជួយដល់ មន្ទីរពេទ្យកុមា​​ដ៏ធំមួយនេះ ឲ្យមានដំណើរការដោយរលូន ជាពិសេសអ្នកសិល្បៈ ដែលសកម្មភាពរបស់ពួកគេ អាចមានការទាក់ទាញខ្លាំង ពីសំណាក់មហាជន។

សូមបញ្ជាក់ថា ពិធីប្រគល់ថវិកា​ជាង៥ម៉ឺនដុល្លារ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ក្រុមការងារ ដែលជាតារាកំប្លែង ​ប្រចាំក្នុងស្ថានីយទូរទស្សន៍ CTN ​ជាច្រើននាក់ផងដែរ៕