(ភ្នំពេញ)៖ មន្ត្រីជំនាញសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានសហការជាមួយមន្រ្តីសាខារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ បានចែករំលែកចំណេះដឹងជាមូលដ្ឋានអំពីសុវត្ថិភាព ម្ហូបអាហារ និងវិធានការពាក់ព័ន្ធរួមនឹងការចុះ ត្រួតពិនិត្យផលិតផល និងម្ហូបអាហារ ដល់សិស្ស និងលោកគ្រូ អ្នកគ្រូ បឋមសិក្សាព្រែកឯង ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ ថ្លែងថា «អគ្គនាយកដ្ឋានកាំកុងត្រូល បាននិងកំពុងបញ្រ្ជាប ការយល់ដឹង ទាំងខាងផ្នែកទទួលខុសត្រូវ ទាំងខាងផ្នែកច្បាប់ ទាំងចំណេះដឹងមូលដ្ឋាន ជុំវិញការនាំចូល ការដឹកជញ្ជូន ការរក្សាទុក ការចែកចាយ រួមទាំងរបៀបនៃការចំអិនផងដែរ ដល់អ្នកធ្វើអាជីវកម្មពាក់ព័ន្ធម្ហូបអាហារទាំងអស់នៅទូទាំងប្រទេស»

លោកបានបន្តថា សូមឲ្យប្អូនៗកូនៗទាំងអស់ យកចិត្តទុកដាក់ទៅលើសុវត្ថិភាពម្ហូបអាហារ ពិសេសមុននឹងបរិភោគអ្វីមួយ ត្រូវពិនិត្យពីកាលបរិច្ឆេទ ឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ។

លោក ប៊ុន ចំរើន បានឲ្យដឹងបន្តថា អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តែងតែប្រកាសឲ្យមានការចូលរួមពីអាជីវករ និងអ្នកប្រើប្រាស់ ជាមួយ និងសមត្ថកិច្ចជំនាញក្នុងការកាត់បន្ថយ និងឈានទៅរកការបំបាត់ទាំងស្រុង ម្ហូបអាហារគ្មានសុវត្ថិភាព លើទឹកដីកម្ពុជា។

លោក ប៊ុន ចំរើន ក៏បានសង្កត់ធ្ងន់ថា ចំពោះសុវត្ថិភាពម្ហូបអាហារតែមួយមុខ មិនគ្រប់គ្រាន់ឡើយ សូមឲ្យប្អូនៗ«ឆ្លើយថាទេ!» ចំពោះគ្រឿងញៀន និង ជៀសវាងការសេពគ្រឿងស្រវឹង និងជក់បារី ដែលកត្តាទាំងនេះធ្វើឲ្យប៉ះពាល់ធ្ងន់ដល់សុខមាលភាពគ្រួសារ និងសង្គមតាម រយៈការដុតបំផ្លាញសុខភាពទាំងផ្លូវចិត្ត ផ្លូវកាយ និងផ្លូវភេទ។

ជាមួយគ្នានោះ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល តែងតែ ផ្តាំផ្ញើដល់អ្នកប្រើប្រាស់ ពិសេសស្រទាប់យុវវ័យ ដើម្បីក្លាយខ្លួន ជាសរសរទ្រូងប្រទេសជាតិ ពិតប្រាកដ ត្រូវតែមានចំណេះដឹងដែលជាអទិភាពទីមួយនេះ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។

ក្រោយបញ្ចប់ការផ្សព្វផ្សាយ មន្ត្រីជំនាញកាំកុងត្រូល ក៏បានពិនិត្យម្ហូបអាហារទំនិញលក់ដូរដែលដាក់តាំងលក់ នៅតូបលក់ដូរក្នុង បឋមសិក្សាព្រែកឯង ផងដែរ និងបានអប់រំអាជីវករលក់ឲ្យមានអនាម័យផងដែរ៕