(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាង៤៨៤គ្រួសារ រស់នៅក្នុងសហគមន៍តំបន់ប្រឡាយស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីបង្ហាញពីគម្រោងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ និងការពិនិត្យលទ្ធភាព នៃផលប៉ះពាល់គម្រោងនេះ មុនការកាត់ដីប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ តាមការស្នើសុំពីចៅសង្កាត់ និងអភិបាលខណ្ឌមានជ័យ ស្របពេលដែលសហគមន៍មួយចំនួន ដែលនៅលើដីសាធារណៈរបស់រដ្ឋ ត្រូវបានរាជរដ្ឋាភិបាល ធ្វើប្រទានកម្មជូនពួកគាត់។

លោក ប៉ា សុជាតិវង្ស បានអញ្ជើញជួបសំណេះសំណាល​ ជាមួយបងប្អូនប្រជាពលរដ្ឋទាំង៨សហគមន៍ ដែលបានតាំងលំនៅដ្ឋាន អមសងខាង ប្រឡាយស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីពន្យល់អំពីគម្រោងនៃការរៀបចំប្រព័ន្ធប្រឡាយ ស្តារឡើងវិញ និង ផ្តល់កម្មសិទ្ធិដីដែលនៅសល់ពីគម្រោងនេះ។

លោកអភិបាលបានថ្លែងពន្យល់ដល់ប្រជាពលរដ្ឋថា សូមកុំឲ្យមានការព្រួយបារម្ភ ចំពោះគម្រោអអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ គោលការណ៍សាលា រាជធានីភ្នំពេញ គឺអភិវឌ្ឍន៍នៅនឹងកន្លែង នៅតាមសហគមន៍ដែលបងប្អូនធ្លាប់រស់នៅ។

តាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សហគមន៍ប្រឡាយស្ទឹងមានជ័យ មានចំនួន៨សហគមន៍ ស្ថិតក្នុងភូមិមានជ័យ១ មានជ័យ២ ដែលមានចំនួន៤១៦ខ្នងផ្ទះ ដីទំនេរ៦១ចំនួន៤៨៤គ្រួសារ ស្នើនឹង២១២៩នាក់៕