(ភ្នំពេញ)៖ ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ បានគូសបញ្ជាក់ថា មានតែ «គណបក្សប្រជាជនកម្ពុជា» តែមួយគត់ ដែលបានរំដោះ ប្រទេសពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅឆ្នាំ១៩៧៩។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គម Facebook នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះថា៖

«គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ខ្មែរ ក្រហមប៉ុលពត នៅឆ្នាំ១៩៧៩។ គណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលបានបញ្ចប់សង្រ្គាមស៊ីវិល ទាំងស្រុង និងបាននាំមកនូវសន្តិភាពពេញលេញ​សម្រាប់កម្ពុជាទាំងមូល។ មានតែ គណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសបោះឆ្នោតជ្រើសតាំងឱ្យដឹកនាំកម្ពុជា រហូតមានការរីកចម្រើនមកទល់សព្វថ្ងៃនេះ»

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលគោរពស្រឡាញ់ និងបោះឆ្នោតជូន «គណបក្សប្រជាជនកម្ពុជា» ដែលជាបក្សសន្តិភាព និង អភិវឌ្ឍន៍របស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។

សូមបញ្ជាក់ថា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នៅក្នុងប្រទេសកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១២ ចូលរួមប្រកួតប្រជែង៕