(រតនគិរី)៖ ចំណងដៃថ្មីសម្រាប់ប្រជាពលរដ្ឋស្រុកអណ្តូងមាស គឺផ្លូវលំក្រាលគ្រួសក្រហមប្រវែង៤​​គីឡូម៉ែត្រ​ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ និងផ្លូវកៅស៊ូប្រភេទDBST ​ប្រវែង​៥គីឡូម៉ែត្រ​ ត្រូវបានបើកការដ្ឋានសាងសង់បន្ត​​។

ពិធីសម្ពោធ​ និងបើកការដ្ឋានសាងសង់ នេះធ្វើឡើងនៅថ្ងៃ២៥​ ខែឧសភា​ ឆ្នាំ២០១៧​ ក្រោមអធិបតីភាពលោក​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីប្រជាពលរដ្ឋនៅក្នុងស្រុក​​។

លោក​ ឃេន​ សានិត​ អភិបាលស្រុកអណ្តូងមាស​ បានឲ្យដឹងថា​ ក្នុងឆ្នាំ២០១៧​ ស្រុកអណ្តូងមាសទទួលបានសមិទ្ធផលជាបន្តបន្ទាប់ ពីរាជរដ្ឋាភិបាលក្រោមការគិតគូរពី​លោកអភិបាលខេត្ត​ ប្រធានក្រុមប្រឹក្សាខេត្ត​ សមិទ្ធផលធំៗ ផ្នែកហេដ្ឋារចនាសម្ព័ន្ធមានផ្លូវកៅស៊ូតភ្ជាប់ពីឃុំកិះចុង​ ស្រុកបរកែវ​ មកស្រុកអណ្តូងមាស​ ​ដែលបានសាងសង់រួច​ និងកំពុងបន្តបើកការដ្ឋានសាងសង់បន្តនាថ្ងៃនេះ ប្រវែង៥គីឡូម៉ែត្របន្ថែមទៀត​ ស្ពានតេជោសេសាន្ត​ ត្រូវបានរៀបចំបន្តសាងសង់ដើម្បីឲ្យ ប្រជាពលរដ្ឋបានឆ្លងកាត់​ ​និងសមិទ្ធផលផ្លូវលំក្រាលគ្រួសក្រហមនៅក្នុងទីរួមស្រុក​ និងនៅតាមបណ្តាមូលដ្ឋានភូមិ​ ឃុំ​ មួយចំនួនទៀត​។​ បន្ថែមពីនេះសាលារៀន​ មណ្ឌលសុខភាព​ បណ្តាញអគ្គិសនី ត្រូវបានតភ្ជាប់ជាបន្តបន្ទាប់ ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល​កម្ពុជា​​។​

លោក​ ថង​ សាវុន​ ​សម្តែងនូវក្តីសោមនស្សជាមួយប្រជាពលរដ្ឋ នៅស្រុកអណ្តូងមាសដែលទទួលបានសមិទ្ធផល បន្តបន្ទាប់ពីរាជរដ្ឋាភិបាល​ សំដៅប្រែក្លាយពីទីជនបទដាច់ស្រយ៉ាល​ ផ្សារភ្ជាប់ទៅកាន់ទីប្រជុំជននានា​ ជំរុញកំណើនសេដ្ឋកិច្ច​ បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ​ និងការដឹកជញ្ជូនកសិផលគ្រប់ប្រភេទ​​។​

អភិបាលខេត្តរូបនេះបញ្ជាក់ថា​ សមិទ្ធផលទាំងអស់នេះ មិនមែនជាការសន្យាណាមួយនោះទេ​ តែវាជាគម្រោងផែនការអភិវឌ្ឍន៍ត្រឹមត្រូវ​របស់ខេត្ត​ ក្នុងគោលដៅបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ហើយបានស្នើ​ឲ្យប្រជាពលរដ្ឋទាំងអស់ នៅក្នុងស្រុកអណ្តូងមាស ត្រូវចូលរួមថែរក្សាសមិទ្ធផលប្រយោជន៍សាធារណៈទាំងអស់នេះ​ និងត្រូវកែប្រែឥរិយាបថ​ នៃការរស់នៅដោយភាពថ្លៃថ្នូរ​ មានសណ្តាប់ធ្នាប់​ និងអនាម័យគ្រប់ក្រុមគ្រួសារ៕