(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលដែលទទួលបាននាពេលបច្ចុប្បន្ននេះ មិនមែនជារឿងចៃដន្យ នោះទេ គឺមានផែនទីចង្អុលផ្លូវមួយដ៏ច្បាស់លាស់។ នេះគឺជាជោគជ័យ សម្រាប់ ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។ សម្តេចតេជោ ចោទសួរថា តើធ្លាប់មានស្ពានឆ្លងកាត់ទន្លេវែងៗនៅកម្ពុជា ដូចពេលបច្ចុប្បន្នដែរឬទេ នៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា? (សូមស្តាប់ប្រសាសន៍សម្តេចតេជោខាងលើ)

សម្តេចតេជោ ហ៊ុន សែន បន្តថា អ្វីៗដែលកម្ពុជាមាននាពេលបច្ចុប្បន្ន គឺជាការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា គ្មានបាតដៃរបស់គណបក្សប្រឆាំង នោះឡើយ បក្សប្រឆាំងបានត្រឹមតែដើរធ្វើបាតុកម្ម និងរារាំងមិនឲ្យមាន ការវិនិយោគ នៅកម្ពុជាតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅមេបក្សប្រឆាំងធ្វើមុខឲ្យស្តើង កុំធ្វើមុខក្រាស់លួចយកសមិទ្ធផល របស់អ្នកដទៃ ទៅរកសំឡេងឆ្នោត ដោយឥតអៀនខ្មាស។ សម្តេចតេជោថា បក្សប្រឆាំងហ៊ានសុំឲ្យបរទេសកុំផ្តល់ជំនួយឲ្យកម្ពុជាហើយ ថែមទាំងសុំឲ្យបរទេសកុំឲ្យមកវិនិយោគនៅកម្ពុជាថែមទៀត។​សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើគណបក្សប្រឆាំង គាំទ្រការដំឡើងប្រាក់ខែកម្មករ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធមែននោះ គឺគេលើកដៃគាំទ្រការអនុម័តច្បាប់ ថវិកាជាតិ នៅក្នុងរដ្ឋសភាហើយ តែផ្ទុយទៅវិញពួកគេមិនបានគាំទ្រការអនុម័តច្បាប់ថវិកាជាតិនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈសម្តេច បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាសនាគ្រីស្ទ និងគ្រីស្ទបរិស័ទ នៅក្នុងប្រទេសកម្ពុជាជាង ៤ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាតកោះពេជ្រ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ ។

មានប្រសាសន៍ឲ្យដឹងនៅក្នុងកម្មវិធីខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ យ៉ាងដូច្នេះថា៖ «បក្សប្រឆាំងបែរជាយកចំណេញ សូមមេបក្ស ប្រឆាំងទាំងឡាយ ធ្វើមុខឲ្យស្តើងបន្តិចមើល កុំធ្វើមុខក្រាស់ពេក កុំលួចមិទ្ធិផលអ្នកដទៃ រាជរដ្ឋាភិបាលខុះប្រឹងណាស់ ក្នុងពេលបក្សប្រឆាំងទៅរារាំង គេហ៊ានទៅ ប្រាប់បរទេស កុំឲ្យវិនិយោគ គេហ៊ានទៅនិយាយ សហភាពអឺរ៉ុបកុំបញ្ជាទិញទំនិញ អានេះគឺអី អំពើបំផ្លិចបំផ្លាញ តួនាទីរបស់គេ គ្មានគិតអ្វីទាល់តែសោះ។ បើគេគាំទ្រការតំឡើងប្រាក់បៀវត្ស៍ ដូចគេនិយាយ គេច្បាស់ជាបោះឆ្នោត គាំទ្រច្បាប់ថវិកា នៅក្នុងសភាហើយ ព្រឹទ្ធសភាដូចគ្នា គេមិនបោះឆ្នោតឲ្យទេ ចឹងមានន័យថា គេមិនគាំទ្រការតំឡើងប្រាក់បៀរត្ស៍ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទេ ក្រៅពីនោះ គេមានបានបោះឆ្នោតដើម្បីគាំទ្រការលើកលែងពន្ធសម្រាប់ ពន្ធលើប្រាក់បៀវត្ស៍អត់ គឺអត់ទេ»

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅកម្មករ កម្មការិនីថា រោងចក្រដែលមានវត្តមាននៅកម្ពុជានាពេល បច្ចុប្បន្នគឺជាការប្រឹងប្រែងរបស់គណបក្ស ប្រជាជនកម្ពុជា គ្មានការចូលរួមរបស់បក្សប្រឆាំងនោះឡើយ៕