(ពោធិ៍សាត់)៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បានលង់ទឹកស្ទឹងស្លាប់ ខណៈចេញពីសាលារៀន រួចចុះទៅលេងទឹកស្ទឹង បង្កឲ្យមានការ ភ្ញាក់ផ្អើលកាល ពីវេលាម៉ោង១១៖១៥នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ នៅចំណុចស្ទឹង ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្មេងរងគ្រោះដែលលង់ទឹកស្ទឹងស្លាប់ នោះមានឈ្មោះ រឿន រតនៈ អាយុ១២ឆ្នាំ មានម្តាយឈ្មោះ សំ ម៉ៅ អាយុ៤៥ឆ្នាំ ជាស្ត្រីមេម៉ាយ អ្នកទាំងពីររស់នៅភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកអធិការបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ក្មេងរងគ្រោះបានចេញពីសាលារៀន រួចចុះទៅលេងទឹកស្ទឹងនៅចំណុច កើតហេតុខាងលើ ពេលកំពុងតែលេងស្រាប់តែលង់ បាត់ខ្លួនតែម្តង។ ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានឃើញក៏នាំគ្នាចុះ រាវក្នុងទឹកស្ទឹង ស្រាប់តែប្រទះឃើញសាកសព ក្មេងរងគ្រោះអណ្តែត នាំគ្នាផ្អើតឆោឡោចុះស្រង់។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ មានករណីហែលទឹកឆ្លងស្ទឹងបណ្តាលឲ្យ លង់ស្លាប់ នៅចំណុចភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀងខេត្តពោធិ៍សាត់ ជនរងគ្រោះមានឈ្មោះ កែម តឿ ភេទប្រុស អាយុ៤៩ឆ្នាំ។

បច្ចុប្បន្នសាកសពសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរៀងខ្លួន៕