(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានប្រតិកម្មយ៉ាងខ្លាំង ចំពោះសកម្មជនគណបក្សប្រឆាំងមួយចំនួន ដែលបានព្រមានតាមរយៈបណ្តាញសង្គម Facebook ថាកម្ទេចត្រកូល «ហ៊ុន» នៅពេលដែល គណបក្សរបស់ពួកគេឈ្នះឆ្នោត។ (សូមស្តាប់ប្រសាសន៍ខាងលើ)

ការប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសាសនាគ្រីស្ទ និងគ្រីស្ទបរិស័ទនៅក្នុង ប្រទេសកម្ពុជាជាង ៤ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការព្រមានដល់ត្រកូល «ហ៊ុន» ជាត្រកូលមួយ ដែលបានរួមចំណែកយ៉ាងខ្លាំង ក្នុងការកសាងប្រទេសកម្ពុជា គឺជាមូលហេតុនៃ ការបញ្ឆេះសង្រ្គាម នៅក្នុងប្រទេសកម្ពុជាឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «វាជាមូលហេតុនៃការបង្កសង្រ្គាមហើយ មើលទៅនៅតាម Facebook រហូតដល់ប្រើប្រាស់ពាក្យមក ដំបូងបំផុត កម្ទេចមុនគេត្រកូលហ៊ុន ខ្ញុំសូមជំរាបថា ត្រកូល ហ៊ុន គឺជាត្រកូលដែលបានចូលរួមចំណែក កសាងប្រទេសនេះ ហើយក៏មិនមែនជាត្រកូល សម្រាប់ពួកអ្នកឯង មកកាប់សម្លាប់នោះទេ»

សម្តេចបានស្នើកុំឱ្យប្រជាពលរដ្ឋ បន្ទោសចំពោះ ការលើកឡើងរបស់ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ឬ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលបានព្រមានយ៉ាងខ្លាំងក្លាចំពោះការប៉ុនប៉ងបំផ្លាញសន្តិភាពរបស់កម្ពុជា ជាបន្តបន្ទាប់មកនេះ៕