(ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ ​កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ សហការ​ជាមួយកម្លាំង​ស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ ក្រោម​ការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង​អមសាលាដំបូង ចុះត្រួតពិនិត្យជនជាតិ​វៀតណាម៦៣នាក់ នៅ​ផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ​។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដែលបានដឹកនាំប្រតិបត្តិការនេះផ្ទាល់ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ​ក្រោយពីកម្លាំងជំនាញ​ពិនិត្យឃើញមានជនជាតិវៀតណាមចំនួន​ ៦៣​នាក់ ស្រី២០នាក់ ក្នុងនោះមានប្រកាសទទួលស្គាល់ក្រសួងមហាផ្ទៃ ចំនួន៤៦​នាក់ ដោយឡែក១៧នាក់ គ្មានឯកសារត្រឹមត្រូវបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង១៧នាក់នេះ ​បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕