(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានបញ្ជាក់ថា ផ្ទះរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវណតប្រីជ ផ្លូវឧកញ៉ាដួងងៀប សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ភូមិស្លែងរលើង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ, តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានចរន្តអគ្គិសនីប្រើប្រាស់វិញហើយ ចាប់តាំងពីម៉ោង១៖៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ បន្ទាប់ពីក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា ខិតខំជួសជុលទាំងយប់ទាំងថ្ងៃ។

អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានបញ្ជាក់នៅយប់ថ្ងៃទី២២ ខែឧសភាថា ចាប់តាំងពីម៉ោង៧ព្រឹករហូតដល់​យប់ថ្ងៃទី២២ ខែឧសភា មានករណីដាច់ចរន្តអគ្គិសនីនៅអនុស្ថានីយទី៣ (GS3-F4A) ដែលមានទីតាំងស្ថិតនៅតំបន់មួយ​ចំនួនដូចជា តាមបណ្តោយផ្លូវណតប្រីជ ផ្លូវឧកញ៉ាដួងងៀប សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ភូមិស្លែងរលើង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ, តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសារមានអេស្កាវាទ័ររបស់ក្រុមហ៊ុនឯកជន កាយប៉ះខ្សែកាបបណ្តាញ​តង់ស្យុងមធ្យម(MV)ក្រោមដី។

លោកថា ចាប់តាំងពីព្រឹកមក ក្រុមការងារបច្ចេកទេសបាន និងកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មាន​ចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ តែដោយសារអេស្កាវាទ័ររបស់ក្រុមហ៊ុនឯកជនកាយប៉ះខ្សែកាបរបស់អគ្គិសនីកម្ពុជា ជាច្រើនកន្លែងពេក ហើយមួយកន្លែងៗ ត្រូវតភ្ជាប់រយៈពេលយូរ ព្រោះនៅក្រោមដីទំរាំរកឃើញ។  

លោកបន្តថា ខ្សែកាបក្រោមដីនេះ ជាខ្សែបញ្ជូនរង តង់ស្យុង២២គីឡូវ៉ុល ដែលជាខ្សែឆ្អឹងកងមួយសំខាន់ សម្រាប់បញ្ជូនភ្លើងពីអនុស្ថានីយ៍ទៅតាមបណ្តាញចែកចាយសំខាន់ៗ ហើយមួយរយៈចុងក្រោយនេះ គឺដាច់ភ្លើងមួយចំនួនធំ គឺកើតមកពីការប៉ះពាល់ខ្សែកាបរបៀបនេះ ដោយក្រុមហ៊ុនសំណង់ធ្វើការប្រហែស អត់មានសហការជាមួយអគ្គិសនីកម្ពុជា ធ្វើឲ្យប៉ះពាល់ដាច់ភ្លើងច្រើនកន្លែងណាស់ ៕