(ភ្នំពេញ)៖ អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ នៅយប់ថ្ងៃទី២២ ខែឧសភានេះ បានបញ្ជាក់ប្រាប់ Fresh News ថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧៖១០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី នៅអនុស្ថានីយទី៣ (GS3-F4A) ដែលមានទីតាំងស្ថិតនៅតំបន់មួយចំនួន ដូចជា តាមបណ្តោយផ្លូវណតប្រីជ ផ្លូវឧកញ៉ាដួងងៀប សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ភូមិស្លែងរលើង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ, តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសារមានអេស្កាវាទ័ររបស់ក្រុមហ៊ុនឯកជន កាយប៉ះខ្សែកាបបណ្តាញតង់ស្យុងមធ្យម(MV)ក្រោមដី។

លោកអគ្គនាយកបានបញ្ជាក់ទៀតថា ចាប់តាំងពីព្រឹក រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសបាន និងកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ ដោយសារអេស្កាវាទ័ររបស់ក្រុមហ៊ុនឯកជនកាយប៉ះខ្សែកាបរបស់អគ្គិសនីកម្ពុជា ជាច្រើនកន្លែងពេក ហើយមួយកន្លែងៗ ត្រូវតភ្ជាប់រយៈពេលយូរ ព្រោះនៅក្រោមដីទំរាំរកឃើញ។  

លោកបន្តថា ខ្សែកាបក្រោមដីនេះ ជាខ្សែបញ្ជូនរង តង់ស្យុង២២គីឡូវ៉ុល ដែលជាខ្សែឆ្អឹងកងមួយសំខាន់ សម្រាប់ បញ្ជូនភ្លើងពីអនុស្ថានីយ៍ ទៅតាមបណ្តាញចែកចាយសំខាន់ៗ ហើយមួយរយៈចុងក្រោយនេះ គឺដាច់ភ្លើងមួយចំនួនធំ គឺកើតមកពីការប៉ះពាល់ខ្សែកាបរបៀបនេះ ដោយក្រុមហ៊ុនសំណង់ធ្វើការប្រហែស អត់មានសហការជាមួយអគ្គិសនីកម្ពុជា ធ្វើឲ្យប៉ះពាល់ដាច់ភ្លើងច្រើនកន្លែងណាស់ ។

ជាមួយគ្នានេះ លោក កែវ រតនៈ ក៏សូមការអធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ ចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕