(ភ្នំពេញ)៖ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានផ្ញើលិខិតសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ក្តុកក្តួលអាឡោះអាល័យជាទីបំផុត ចំពោះក្រុមគ្រួសារសព ទាហានមួកខៀវកម្ពុជា៤រូប ដែលបានទទួលមរណភាព នៅប្រទេសអាហ្វ្រិកកណ្តាល ក្នុងបេសកកម្មថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ទាហានមួកខៀវកម្ពជាទាំង៤នាក់ បានទទួលមរណភាព ក្នុងការវាយប្រហារដោយក្រុមឧទ្ទាម ប្រទេសអាហ្រ្វិកកណ្តាល កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោងនៅក្នុងប្រទេសកម្ពុជារួមមាន៖ អនុសេនីយ៍ទោ អ៉ឹម សំ អាយុ ៣៧ឆ្នាំ មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប, អនុសេនីយ៍ឯក ម៉ៅ អេង អាយុ ៣៧ឆ្នាំ មានលំនៅឋានក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ, ព្រិន្ទបាលទោ ស៊ាង នរិន្ទ អាយុ ៣៥ឆ្នាំ មានលំនៅឋានក្នុងខេត្តកំពត និងលោកព្រិន្ទបាលទោ មុំ តុលា មានស្រុកកំណើតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

សពវីរៈយុទ្ធជនខ្មែរទាំង៤រូប ត្រូវបានដឹកមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាម៉ោងប្រមាណ ៨យប់ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧ ដោយមានការអញ្ជើញទទួលសពដោយផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្រ្តីអនុព័ន្ធយោធា ឯកអគ្គរាជទូត/រដ្ឋទូតប្រចាំនៅកម្ពុជា ក្រុមគ្រួសារសព និងកងកម្លាំងប្រដាប់អាវុធ ជាច្រើនផ្សេងទៀត។

សពវីរយៈយុទ្ធជនរបស់កម្ពុជាទាំង៤រូប ដែលបានពលីជីវិត ត្រូវបានដង្ហែទៅដល់លំនៅដ្ឋានរៀងៗខ្លួនអស់ហើយនៅយប់ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧ ហើយត្រូវបានចាត់ចែងរៀបចំធ្វើពិធីបុណ្យយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតពីថ្នាក់ដឹកនាំ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ៕