(ភ្នំពេញ)៖ នៅក្នុងគ្រាដែលមានការធ្វើសកម្មភាពជាផ្លូវការ នៃការចាប់ផ្តើមការឃោសនាគណបក្សនយោបាយ អ្នកលេងបណ្តាញសង្គមបានបន្តចែករំលែកបន្តគ្នា នូវរូបភាពនៃព្រះសង្ឃដែលបានជិះរថយន្តផ្នែកខាងក្រោយ នៃឡានភីកអាប់ ដោយមានឯកសណ្ឋានជាសង្ឃ និងពាក់មួកគណបក្ស ហើយដែលរថយន្តនេះមាន ឡូហ្គូរូបសញ្ញាបក្សជួងរបស់លោក ខឹម វាសនា ផង។

នឹកឃើញរូបភាពនេះ ចង់សើចបន្តិច ចង់យំបន្តិច ព្រោះអាណិតដល់ការះលបង់របស់មនុស្សដែលធ្វើរហូតលែងគិតថា ខ្លួនជានរណា និងជាអ្វី? ក៏នឹកឃើញ មនោគមន៍វិជ្ជារបស់បក្សគាត់ធ្វើឲ្យគេគ្រប់គ្នានៅចងចាំនូវសំដីមិនភ្លេច ជាមួយការចំអកឆ្លើយតបទៅលើភាសារអសុរស ជេរប្រមាថ និងចរិកបែបមនុស្សប្រុស មិនរឹងមាំម្នាក់ (អ្នកខ្លះថា ដូចចេក ឬជាចេក...តែមិនច្បាស់ថា ចេកអ្វី?) ដែលចូលចិត្តប្រើពាក្យថា កូនមីឈាមថោក និងហៅខ្លួនឯងថា ពុក ពុក.. ប្រដូចខ្លួនទៅ អ្នកណាម្នាក់ដែលពិបាកប្រៀបធៀប ព្រោះតែភាសាប្រើសាធារណៈខុសពីឪពុកគេដទៃក្នុងប្រទេស និងប្រហែលពិភពលោកនេះទាំងមូលផង។ មិនប្រាថ្នាប៉ះពាល់រឿងបុគ្គលទេ ប៉ុន្តែចង់វែកញ៉ែកពីមនោគមន៍វិជ្ជានៃបក្សមួយនេះ ជាពិសេសពីមូលហេតុដែលព្រះសង្ឃត្រូវទម្លាក់ព្រះកាយទៅក្នុងសភាព ដែលប្រជាជនកម្ពុជាមិនអាចទទួលយកបាន។

ជំនឿ និងការជ្រើសរើសបក្សដែលខ្លួនស្រឡាញ់ ពុំមានបានចែងដោយការរឹតបណ្តឹងនៅក្នុងរដ្ឋធម្មន្នុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាទេ។ ផ្ទុយទៅវិញច្បាប់នៃ ប្រទេសកម្ពុជា ផ្តល់សេរីភាពដល់ការបញ្ចេញមតិ និងការជ្រើសរើសផ្នែកនយោបាយ ហើយគ្រប់ការបញ្ចេញមតិទាំងនោះ ត្រូវតែស្របនឹងច្បាប់នៃប្រទេសកម្ពុជា មិនបង្កនិងមានចេតនាអុចអាល ឬគម្រាមដល់ផ្នែកសន្តិសុខជាតិ ឬមិនបានបំពានដល់ជនដទៃទៀតណាមួយ។ វាជាការពិតហើយ ប្រធានគណបក្សនេះ ហាក់មិនទាន់បានឃើញបំពានជាផ្លូវការ ទៅលើបុគ្គលណាមួយនៅឡើយដែរទេ ហើយមនោគមវិជ្ជានៃបក្សនេះ ក៏មិនបានបញ្ឆេះកំហឹង និងបង្កការអុកឡុក ដល់សន្តិសុខជាតិដែរ ប៉ុន្តែអ្វីដែលគេទទួលស្គាល់ជារួម គណបក្សនេះ បាននិងកំពុងធ្វើរឿងត្រឹមត្រូវមួយចំនួន ជាពិសេសការបរិយាយ ពីបញ្ហាសង្គមបច្ចុប្បន្ន ដែលនាំអោយមានការចាប់អារម្មណ៍ពីគ្រហស្ស និងព្រះសង្ឃមួយចំនួនផង។ យ៉ាងណាក៏ដោយ ភាពសុច្ចរិតនៃបក្សនេះ នៅបានបង្កឲ្យមានសម្អប់ជាច្រើន រវាងប្រជាជននិងប្រជាជន និងរវាងយុវជន និងយុវជន ដែលមាននិន្នការខុសគ្នា។

ពាក្យជេរប្រមាថ ដាក់បណ្តាសារ និងខ្លឹមសារជំលោះកើតមានក្នុងប្រព័ន្ធផព្សផ្បាយខ្លះ ធ្វើឲ្យប្រជាជនខ្មែរមួយភាគធំ មិនអាចទទួលយកបាន ហើយម្នាក់ៗនាំគ្នា ឆ្ងល់រហូតលែងប្រកាន់ថា ប្រហែលជាគាត់មានសតិមិនប្រក្រតីហើយមើលទៅ ដូច្នេះកុំខ្វល់អីប្រយ័ត្នគាត់ជេរកូនមីឈាមថោកទៀត..។ល។ ខុសពីការគិត គោលនយោបាយបក្សនេះ កំពុងអនុវត្តខុសពីបក្សនានា ហើយការធ្លាប់បួសរៀននៃលោកប្រធានបក្សនេះ ទាញបាននូវព្រះសង្ឃមួយចំនួន ឲ្យចូលរួមអស់ពីចិត្តអស់ពីថ្លើម។ សង្ឃបក្សនេះដែលថ្មីៗនេះគេឃើញបង្ហោះបន្តគ្នា ក្នុងបណ្តាញសង្គមពិតជាបានបង្ហាញនូវភាពមិនទទួលយកបានមួយ សម្រាប់ប្រជាជាតិខ្មែរយើង។

ជាទូទៅមនុស្សយល់ថា ការបួសជាសង្ឃប្រាកដជាបានបួសរៀនច្រើន និងមានចំណេះគ្រប់គ្រាន់សម្រាប់ធ្វើការពិចារណា ថ្លឹងថ្លែង និងវិនិច្ឆ័យរឿងរ៉ាវសង្គមនានា។ ការជ្រើសរើសបក្សរបស់ព្រះអង្គដូចជាមិនខុសទេ ប៉ុន្តែការប្រើឯកសណ្ឋានជាព្រះសង្ឃ ពាក់មួកបក្សជិះហែរបក្សអង្គុយលើឡាន ដូចបុគ្គលធម្មតាផ្សេងទៀត ពិតជាអាក្រក់មើលខ្លាំងណាស់ រហូតមហាជននាំគ្នាប្រើពាក្យថា ទោះបានបួសរៀនប៉ុណ្ណា បើភ្លើមួយវិនាទី គឺភ្លើមួយជីវិតត្បិតការភ្លើដោយភាពល្ងង់ជារឿងមួយអាច យោគយល់ តែដែលភ្លើដោយយល់ថាគិតត្រូវ ហើយប្រព្រឹត្តដោយមិនមានការខ្មាស់អៀន ពិតជាពិបាកទទួលយកក្នុងសង្គមខ្មែរដែលប្រកាន់ពុទ្ធសាសនា។
សាធារណជនខ្លះអត់ទ្រាំមិនរិះគន់មិនបាន រហូតព្រលយពាក្យក្នុងបណ្តាញសង្គម ដោយមានភ្ជាប់រូបភាពព្រះសង្ឃហែរបក្សផងថា បើមិនបានគិតដល់ ឋានៈជាសង្ឃ ក៏គួរគិតពីតម្លៃសាសនាដែរ ឫ​​ថាបើបួសដើម្បីហេតុផលរកលុយ ទៅបម្រើបក្សគួរកុំធ្វើអ្វី អ្នកខ្លះព្រលយពាក្យអាក្រក់ស្តាប់ថា ពួកអាត្រងោលបួស បង្ខូចសង្ឃត្រឹមត្រូវ..។ល។

មិនសូវខុសគ្នា សង្ឍប៉ុន្មានអង្គផ្សេងដែលញឹកញ៉ាប់ប្រកាសថា ជាសង្ឃឯករាជ្យ ហើយតែងនៅជិតគណៈបក្សសង្គ្រោះជាតិតែយកតួនាទីជាប្រធាន អង្គការថែរក្សាធម្មជាតិ ក៏មិនខុសគ្នាពីសង្ឍនៃបក្សរៀបរាប់ខាងលើដែរ។ ព្រះសង្ឃ ប៊ុនតិញ ដែលពីមុនតាំងព្រះកាយ ព្រះអង្គថា ជាអ្នកស្នេហាជាតិ និងបានហែរហមជាមមួយបក្សសង្គ្រោះជាតិច្រើនកាលៈទេសៈ តែងបង្ហាញព្រះកាយក្នុងរូបភាពពិបាកទទួលយកដែរ ប៉ុន្តែសារធារណជននៅមានការយល់ដឹង តិចតួចពីព្រះអង្គ។ បើតាមច្បាប់អង្គការក្រៅរដ្ឋាភិបាល ព្រះអង្គមិនគួរមានទំនាក់ទំនងជិតស្និទ ឬធ្វើសកម្មភាពបម្រើផ្នែកណាមួយ នៃគណបក្សណាមួយដែរ ទាំងនេះដើម្បីរក្សាបានឯករាជភាព និងកិត្តិយសក្នុងនាមអង្គការក្រៅរដ្ឋាភិបាល។

ពិតណាស់ថា ព្រះអង្គមានព្រះឋានៈជាប្រធានអង្គការក្រៅរដ្ឋាភិបាល ចំណែកសកម្មភាពបម្រើសង្គម គឺជាតួនាទីមួយត្រឹមត្រូវរស់ព្រះអង្គ។ ព្រះអង្គប្រកាសពី ការការពារ និងអភិរក្សបរិដ្ឋាន និងព្រៃឈើ ជាបេសកកម្មប្រពៃចំពោះជាតិ និងប្រជាជន ប៉ុន្តែសកម្មភាពពិតព្រះអង្គហាក់បង្ហាញនូវការប្រឆាំងចំហរទៅរដ្ឋាភិបាល ខុសពីលក្ខន្តិកៈគោលការណ៍ និងយុទ្ធសាស្ត្ររបស់អង្គការក្រៅ រដ្ឋាភិបាលដែលចាំបាច់ចាប់ដៃគូរល្អជាមួយរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងមួយចំនួន បំពេញនិងឆ្លើយតបទៅលើបេសកកម្ម គោលបំណង និងទិសដៅអង្គការបានចែង និងគម្រោងមានក្នុងការអនុវត្ត និងបំពេញសកម្មភាពឆ្ពោះទៅរកសេចក្តីសម្រេច និងឆ្លើយតបសេចក្តីរំពឹងដែលបានដាក់ចេញជាផែនការ និងសកម្មភាពនានាដែលគ្រោងអនុវត្ត។

កិច្ចការទូទៅដែលសាធារណៈជនតែងឃើញ ព្រះអង្គតែងមានវត្តមានក្នុងព្រឹត្តិការណ៍តវ៉ា បាតុកម្ម និងសកម្មភាពប្រឆាំងរដ្ឋាភិបាល ក៏ដូចជាសកម្មភាពបែប កេងចំណេញផ្នែកនយោបាយ ហុចជូនទៅគណៈបក្ស ប្រឆាំងទៅវិញ។ ជាញឹកញ៉ាប់គេឃើញវត្តមានរបស់ព្រះអង្គនៅក្នុងសកម្មភាពតវ៉ាធំៗជាសាធារណៈ និងម្តងម្កាលមានសកម្មភាពនៅមូលដ្ឋាន ដែលជាទីកន្លែងនៃគម្រោងនិងសកម្មភាពអង្គការ របស់ព្រះអង្គបាន និងកំពុងអនវត្ត ហើយពេលខ្លះសង្ឃអង្គនេះ បង្ហាញវត្តមានជារូបថតជាមួយបក្សប្រឆាំងអួតបង្អួតសាធារណៈជន។

សុភា ទន្សាយយល់ថា មនោគមន៍វិជ្ជាទាញព្រះសង្ឃមកជួយកិច្ចការបក្ស ជារឿងគ្រោះថ្នាក់ដល់សាសនាជាតិខ្មែរ។ ព្រះសង្ឃក្នុងច្បាប់សានា មិនត្រូវគ្រប់គ្រង ដោយផ្ទាល់ ឬប្រយោលលើថវិការទេ ប៉ុន្តែតួនាទីជាប្រធានអង្គការ វាច្បាស់ណាស់ដែលព្រះអង្គត្រូវតែស៊ីញ៉េ និងចុះហត្ថលេខាលើគម្រោងនានាដែលម្ចាស់ មូលនិធីផ្តល់ជូន គ្រប់គ្រងការចាយវាយសកម្មភាពរបស់អង្គការព្រះអង្គ និងបើកប្រាក់បៀរវត្សន៍ជូនបុគ្គលិក...។ល។ ត្រង់ចំណុចនេះច្បាស់ ណាស់បង្ហាញ នូវការមិនអាចចាកចេញពីលោភៈ ហើយសកម្មភាពធំចុងក្រោយរបស់ព្រះអង្គគេបានដឹងឮគ្រប់គ្នា គឺបានឈរឈ្មោះជាអ្នករៀបចំ និងគ្របគ្រងថិការនៃបុណ្យសព លោកកែមឡី និងត្រូវបានគេចោទប្រកាន់ថាមាន ជាប់ជំពាក់វាក់វិញទៅនឹងការប្រើប្រាស់ថវិការបុណ្យដើម្បីប្រយោជន៍ផ្ទាល់ព្រះអង្គ។

ទោះពិតឬមិនពិតនូវការ ចោទប្រកាន់ខាងលើ បើទោះមិនមានការប្តឹងផ្តល់ជាផ្លូវការ ណាមួយប្រឆាំងព្រះអង្គ នៅឡើយទេនាពេលនេះ ប៉ុន្តែសាធារណជនយល់ថា ជារឿងមិនត្រឹមត្រូវទេដែលព្រះសង្ឃក្នុងឋានៈជាប្រធានអង្គការមួយ មកទទួលគ្រប់គ្រងថវិការកម្មវិធីអ្វីមួយដោយផ្ទាល់ រហូតបង្កឲ្យមានការចោទប្រកាន់បែបនេះ។

សកម្មភាពរៀបរាប់នៃសកម្មជនបក្សដែលជាសង្ឍ មិនមែនបង្ហាញតែពីការឈឺឆ្អាលសង្គមប៉ុណ្ណោះទេ តែកំពុងបង្ហាញលើសពីសាសនាខ្មែរ ត្រូវអនុវត្ត ហើយនរណា ក៏ជឿដែរថា បើទោះជាចូលរួមដោយស្មោះ ជាមួយសកម្មភាពបក្សណាមួយនោះ ព្រះសង្ឍអង្គទាំងនេះ ក៏មិនភ្លេចស្រម៉ៃចង់ទទួលបានផលពីការលះបង់ជាមួយ បក្សណារហូតអង្គខ្លះចាប់ផ្តើមមានមោទនាភាពបណ្តើរៗថា បើគណៈខ្លួនបានឈ្នះ សង្ឍអង្គនេះអាចក្លាយ ជារដ្ឋមន្ត្រីធម្មការ និងសាសនា ឬរដ្ឋមន្ត្រីបរិដ្ឋាន ដូចការស្រម៉ៃរបស់ប្រធានអង្គការនានា មួយចំនួនដែល កំពុងជ្រោមជ្រែងបក្សប្រឆាំង ប៉ុន្តែការស្រមៃទាំងនេះបានត្រឹមជាការស្រម៉ៃ ពេញមួយីវិតតព្រះអង្គ ព្រោះខ្មែរមានជំនឿថា ការប្រើសាសនាដើម្បីបំពេញបំណងផ្ទាល់ខ្លួន ព្រះនឹងកំចាយឲ្យបរាជ័យមិនខាន ហើយបើសាសនា ជាសាសនារបស់ជាតិ ហើយព្រះសង្ឃ ជាទីសក្ការៈរបស់គ្រហស្ស ហើយត្រូវដិតដាមដោយរឿងរ៉ាវខុសសិលធម៌ក្នុងសង្គមបែបនេះ វាពិតជាពិបាកទទួលយកណាស់ ហើយឥទ្ធិពលនៃសកម្មភាព ទាំងនេះតិចឬច្រើនបាននិងកំពុង បំផ្លាញដោយផ្ទាល់ និងប្រយោលដល់ជាតិ សាសនា និងកិត្តិនាម្រះមហាក្សត្រ និងប្រជាជនកម្ពុជា ដែលតែងលើកតម្កើន សាសនា ជាសាសនារបស់ជាតិ៕

ដោយ៖ សុភាទន្សាយ