(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា ហៅកាត់ថា សុីម៉ាក់ នៅថ្ងៃទី២២ ខែឧសភានេះ បានសរសេរលើ Facebook ផ្លូវការរបស់លោក ដោយសម្តែងការព្រួយបារម្ភ និងសោកស្តាយចំពោះសកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានខិតខំបណ្តុះ​ និងលើកទឹកចិត្តរបបខ្មែរក្រហមឲ្យកើតឡើងវិញ។

លោក ហេង រតនា បានសរសេរទាំងយ៉ាងដូច្នេះថា៖

«សង្គ្រាម និងរបបឃាតករអាវខ្មៅ អាចកើតឡើងជាថ្មីនៅកម្ពុជាឬទេ?

តើមានមនុស្សប៉ុន្មាននាក់ ដែលដឹងជាមុនថា​ របបប្រល័យពូជសាសន៍ខែ្មរក្រហមអាចកើតឡើងនៅឆ្នាំ១៩៧៥-១៩៧៩​!​ មានសាស្ត្រាចារ្យ បណ្ឌិតបញ្ញាវ័ន្ត មន្ត្រី​ អ្នកជំនួញយ៉ាងច្រើនទាំងក្នុង និងក្រៅប្រទេស​ គាំទ្រចលនាខែ្មរក្រហម​ ដោយស្អប់ខ្ពើមរបបពុករលួយ​ សក្តិភូមិ​ វណ្ណៈជិះជាន់​ អ្នកមានអ្នកក្រ​ គំនុំសងសឹក​ និងមាន គោលដៅមួយបង្កើតសង្គមមួយថ្មីស្អាតស្អំ​ គ្មានអយុតិ្តធម៌សង្គម​ គ្មានអំពើពុករលួយ​ គ្មានអ្នកជិះជាន់គេអ្នកត្រូវគេជិះជាន់ !!!​ មានសាស្ត្រាចារ្យ​ បណ្ឌិតបញ្ញាវ័ន្ត បងប្អូនរស់នៅក្រៅប្រទេសដូចជា នៅអូស្ត្រាលី​ អាមេរិក​ បារាំង​ អង់គ្លេស​ ជាប៉ុនជាដើមបានវិលត្រឡប់មកស្រុកវិញ​ រួមស្លាប់ជាមួយប្រជាជនក្នុងប្រទេស ក្រោយបញ្ចប់សង្គ្រាម​ជាង២លាននាក់។​

យើងពិតជាឈឺចាប់ និងចងចាំជានិច្ចនូវសោកដនកម្មនេះ​ តែគួរឲ្យសោកស្តាយបំផុត​ ដែលសកម្មជនគណបក្សសង្គ្រោះជាតិ​ តាមរយៈ Acc FB មានឈ្មោះថា​ Snorb Bord​er បានខិតខំបណ្តុះ​ និងលើកទឹកចិត្តរបបខ្មែរក្រហមនេះ តាមរយៈការតាំងខ្លួនជាយុវជនខែ្មរក្រហម​ បានបណ្តុះការគិត​ ការធ្វើ​ និងទស្សនៈរបបអាវខ្មៅ ខែ្មរក្រហមយ៉ាងសកម្ម។​

តើនេះអាចជាពន្លក និងសកម្មភាពអូសទាញបងប្អូនអ្នកក្រីក្រ​ ឲ្យមានការតស៊ូវណ្ណៈ និងរង់ចាំឱកាសមកដល់ដើម្បីបង្កចលនារបបខែ្មរក្រហមជាថ្មី​ ដែរឬទេ?​ នេះអាចជាឆន្ទៈតូចមួយក្នុងចំណោមទស្សនៈដ៍ធំទូលាយ​ ព្រោះថាសូម្បីតែប្រធានបក្សនេះក៏ធ្លាប់លើកឡើងថា​ គុកទួលស្លែង​ ជាកន្លែងសិប្បនិមិត្តប៉ុណ្ណោះ! រូបថតទាំងអស់ដែល Posted មកនេះ​ ខ្ញុំបានមកពីក្នុង Account Facebook ដែលឈ្មោះថា​ Snorb Border ទាំងស្រុង។​

តើមាននរណាម្នាក់ហ៊ានធានាថា​ របបឃាតករអាវខ្មៅនឹងមិនកើតឡើងជាថ្មីឬទេ?​ តើប្រជាធិបតេយ្យសំខាន់ជាង​ ឬសន្តិភាពសំខាន់ជាងសំរាប់ប្រទេសនិងប្រជាជនកម្ពុជា?»៕