(ភ្នំពេញ)៖ ដូចដែលយើងបានធ្លាប់ដឹងហើយកាល​ពីឆ្នាំ២០១៦កន្លងទៅ ធនគារអភិវឌ្ឍន៍​អាស៊ី (ADB) បានចាត់ទុកប្រទេស​កម្ពុជាថា ​ជា​​​ប្រទេសមួយ​ដែលបានវិវឌ្ឍន៍​ខ្លួនជាខ្លា​សេដ្ឋកិច្ចថ្មី​មួយប្រចាំ​នៅអាស៊ី​ បន្ទាប់ពីបានឆ្លងកាត់​ភាព​ក្រី​ក្រ​លំបាក និង​វិបត្តិ​ផ្សេងៗ​​ជា​ច្រើន អស់​រាប់​​ទស​វត្សរ៍​កន្លងមក ដែលបាន និងកំពុងឆក់​យកចំណាប់អារម្មណ៍​ពីពិភពលោកទាំងមូលនោះ។

យោងតាមទស្សនៈវិស័យអភិវឌ្ឍន៍តំបន់អាស៊ី នៃធនាគារខាងលើ​សម្រាប់ឆ្នាំ២០១៦ កម្ពុជាដែល​ធ្លាប់តែជាប្រទេស​ទទួលរង​គ្រោះនូវវិបត្តិ​ក៏ដូចជា ជម្លោះ​ជាច្រើន​ ព្រមទាំងភាព​ទីទាល់ក្រផងដែរ​នោះ ឥឡូវនេះ​បានក្លាយជាប្រទេស​ដ៏ថ្មីសន្លាង​មួយ ដែល​មាន​កំណើនសេដ្ឋកិច្ច​កើនឡើងយ៉ាង​ឆាប់រហ័ស​ នៅក្នុង​ទ្វីបអាស៊ី។ GDP របស់កម្ពុជា​បានកើនឡើង​ប្រមាណ ០៧ភាគរយ ឬលើស​ពីនេះ​ជារៀងរាល់ឆ្នាំ​ គិតចាប់តាំងពីឆ្នាំ២០១១ រហូតមកទល់ឆ្នាំ២០១៧នេះ (តាមការព្យាករណ៍ថ្មី)។

ប្រទេសកម្ពុជា​កំពុងពង្រឹងគោល​ជំហររបស់ខ្លួន ធ្វើជាអ្នកដើរតួនាទី​យ៉ាងសំខាន់ ក្នុងការផលិតរួម​ទាំងការពង្រីកផលិតផល​របស់ខ្លួននៅ​ជុំវិញ​​អាស៊ាន ក៏ដូចជា មជ្ឈមមណ្ឌល​មួយក្នុងតំបន់ សម្រាប់​ទទួលមុខជំនួញ និងសហគ្រិនធំៗ។ នេះបើតាមសម្តីលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងជាប្រធានឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​មួយ​ជាមួយទស្សនាវដ្តី Management Insider ពាក់ព័ន្ធនឹងទស្សនៈវិស័យ របស់ឯកឧត្តមស្តី​ពី​មធ្យោ​បាយ​ក៏ដូចជា​វិធីសាស្រ្ត ដែលកម្ពុជា​បានប្រើប្រាស់ដើម្បី​ឈានមករកភាពជោគជ័យ​ដូចសព្វថ្ងៃ ព្រមទាំងគម្រោង​ដែលកម្ពុជាបាន និងកំពុងត្រៀមទុក​សម្រាប់អនាគត​។

១៖ តើហេតុអ្វីបានជាវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) មានសារៈសំខាន់ចំពោះកម្ពុជា?

អាទិភាពរបស់កម្ពុជាគឺផ្តល់ភាពសម្បូរបែបទៅឲ្យវិស័យសេដ្ឋកិច្ច តាមរយៈការពង្រីកមូលដ្ឋានផលិតកម្ម ព្រមទាំងការរួម​បញ្ចូល​ផលិតផល ក៏ដូចជាសេវាកម្មរបស់យើង ទៅក្នុងប្រព័ន្ធតម្លៃ​ក្នុងតំបន់ និងសកល។ ទាក់ទិននឹង​រឿងនេះ WEF គឺវេទិការ​ដ៏សំខាន់មួយ​សម្រាប់ឲ្យកម្ពុជា​ បង្អួតបង្ហាញពី​ឱកាសវិនិយោគ លើភាពរីកចម្រើន​លើវិស័យ​ជាច្រើនរបស់ខ្លួន។

២៖ តើប្រទេសតូចមួយ​ដូចជាកម្ពុជានេះ មានសមត្ថភាព​ដើរតួនាទីអ្វីបាន​នៅក្នុង WEF?

ក្នុងនាមជាប្រទេស​ដ៏តូចល្អិតមួយ និងជាអ្នកមកក្រោយ​គេ​ក្នុងការអភិវឌ្ឍ កម្ពុជា​មានអម្រែក និងកំហិតតិចតួច​ជាងប្រទេស​ដទៃ​ និងអាចធ្វើជាភ្នាក់ងារ​មួយសម្រាប់​ការប្រែម្រួល ដើម្បីសម្រេច​បាននូវគំនិត​អភិវឌ្ឍន៍ និងការផ្លាស់ប្តូរ​គំរូថ្មីៗ នៅក្នុងការប្រែក្លាយ​​តំបន់អាស៊ាន។ ម៉្យាងវិញទៀត​កម្ពុជាបានរួមបញ្ចូល​ដោយជោគជ័យ​ ទៅក្នុងតំបន់ និងពិភពលោក​ទាំងមូល ហើយ​ឥឡូវនេះ​កំពុង​ដើរតួយ៉ាង​សកម្មមួយ នៅក្នុងកិច្ចការ​ផ្សេងៗជាច្រើន​​នៃអង្គការមិនថា អន្តរជាតិ អន្តរតំបន់ តំបន់ ឬអនុតំបន់​ឡើយ។

៣៖ តើអនាគតរបស់កម្ពុជាកំពុងត្រូវបានជំរុញដោយសហគមន៍អាស៊ាន ឬឲ្យកាន់តែច្បាស់ជាងនេះនោះ គឺដោយអនុ​តំបន់​ទន្លេ​មេគង្គឬ?

អនាគតនៃ​ប្រទេសកម្ពុជា​ត្រូវបានរុញច្រានដោយ សហគមន៍អាស៊ាន និងអនុតំបន់ទន្លេមេគង្គ (GMS)។ អាស៊ាន និង GMS បំពេញភាពខ្វះខាតគ្នា​ទៅវិញទៅមក​ និងមានទស្សនៈវិស័យ​ស្រដៀងគ្នា ទោះបីជាប្រកាន់​វិធីសាស្រ្តខុស​គ្នា​ ដើម្បីសម្រេច​ពួក​វា​​យ៉ាងណាក្តី។

៤៖ តើកំណើនដ៏យឺតយ៉ាវ​នៃសេដ្ឋកិច្ចសាកល នឹងជះផលប៉ះពាល់​កម្ពុជាដែរ ឬយ៉ាងណា?

កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បានចងភ្ជាប់​​យ៉ាងជិតស្និទ្ធ ទៅលើ​បម្រែបម្រួល​សេដ្ឋកិច្ច​ពិភពលោក ដូចដែលយើង​បាន​ឃើញផ្ទាល់​​នៅក្នុងវិបត្តិសេដ្ឋកិច្ចសកល កាលពីចន្លោះ​ឆ្នាំ២០០៨-២០០៩។ តែបើនិយាយពី​រឿងវិជ្ជមានវិញ សេដ្ឋកិច្ច​កម្ពុជា​​​ស្ថិតក្នុងចំណោម​ប្រទេសក្នុងតំបន់ ដែលបានងើបឡើងវិញយ៉ាងលឿន។ យ៉ាងណាមិញ​កម្ពុជាគឺជា​ប្រទេសសេដ្ឋកិច្ច​ពឹងផ្អែកលើ​លុយដុល្លារ​ និងការនាំចេញ ដូច្នេះហើយ​ការប្រែប្រួលក្នុង​គោលការណ៍​រូបិយវត្ថុ និងសារពើពន្ធ​របស់អាមេរិក​ និងសហភាពអឺរ៉ុប នឹងជះផល​ប៉ះពាល់ដោយ​ផ្ទាល់ និងដោយប្រយោល​មកលើសេដ្ឋកិច្ច​របស់យើង ជាពិសេសដោយ​សម្អាងថា ផលិតនាំចេញ​ភាគច្រើនត្រូវបានដឹកជញ្ជូន​ ទៅកាន់បណ្តា​ប្រទេសអភិវឌ្ឍន៍​នៅតំបន់អឺរ៉ុប និងអាមេរិកខាងជើង។ ម៉្យាងវិញទៀតបើសិនជា​មាន​ការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចរបស់ចិន កម្ពុជាក៏នឹងប្រឈមមុខជាមួយផលលំបាក ក្នុងវិស័យទេសចរណ៍ និងការវិនិយោគ​របស់បរ​ទេស​ផងដែរ។

៥៖ តើកម្ពុជាមានចក្ខុវិស័យ​រយៈពេលវែងបែបណា សម្រាប់ការអភិវឌ្ឍ​ប្រទេស?

ចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា គឺធ្វើយ៉ាងណាសម្រេចឲ្យបាននូវឋានៈជាប្រទេស ដែលមានប្រជាជន​រកប្រាក់កម្រៃបាន​ច្រើន​ជាងមុន​ ក្នុងលំដាប់មធ្យមនៅក្នុង​ឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រជាជន រកប្រាក់កម្រៃ​ក្នុងលំដាប់​ខ្ពស់​​នៅ​ក្នុង​ឆ្នាំ​២០៥០។ គ្រប់ប្រជាពលរដ្ឋ​កម្ពុជាតែងតែប៉ុនប៉ង​ចង់បានវត្ថុ​បីយ៉ាង​ នៅក្នុងជីវិតរបស់​ពួកគេគឺ ទី១៖ ឋានៈសង្គម ទី២៖ ទ្រព្យសម្បត្តិ និង​​ទី៣៖ សិទ្ធិអំណាច។

៦៖ តើអ្វីខ្លះជាគោលដៅយុទ្ធសាស្រ្ត​ ដែលកម្ពុជាត្រូវការ​ឈោងចាប់ ដើម្បីឲ្យស្របទៅតាម​ចក្ខុវិស័យ​របស់ខ្លួន?

ដំបូងឡើយកម្ពុជាត្រូវតែថែរក្សាឲ្យមានសន្តិភាព និងស្ថិរភាព​ជានិច្ច។ ទីពីរកម្ពុជាត្រូវ​បានធ្វើការបង្កើនយ៉ាង​សកម្ម នូវគ្រឹះស្ថាន​សេដ្ឋកិច្ច​ជាបន្តបន្ទាប់ ដើម្បីផ្តល់គម្លាតគោលការណ៍ និងលើកកម្ពស់​បរិយាកាស​មុខជំនួញ ដើម្បីទាក់ទាញ​ការវិនិយោគ​ដោយផ្ទាល់ពីក្រៅ​ប្រទេស។ ចំណុចទីបីកម្ពុជា​ត្រូវតែអភិវឌ្ឍន៍ជំនាញ និងចំណេះដឹង​សម្រាប់កម្លាំងពលកម្ម​របស់ខ្លួន ហើយ​ជាចុងក្រោយកម្ពុជា​ត្រូវតែធ្វើការវិនិយោគ​ ឲ្យកាន់តែខ្លាំងបន្ថែម​ទៀតលើ ប្រព័ន្ធហេដ្ឋា​រចនាសម្ព័ន្ធ​ ដើម្បីបង្កើត​ការធ្វើ​ពាណិជ្ជ​កម្ម​ ព្រមទាំងអនុញ្ញាត​ឲ្យមានការពង្រីក​វិស័យឧស្សាហកម្ម។

៧៖ តើអ្វីខ្លះជាចំណុចខ្លាំង​របស់កម្ពុជា​ នៅក្នុងសេដ្ឋកិច្ច​នាថ្ងៃអនាគត?

ទីមួយកម្ពុជាឥឡូវនេះ​មានប្រជាជន​វ័យក្មេង​ ដែលខិតខំបំពេញការងារ មានចំណេះដឹងខ្ពស់​ជាងកាលពីមុន និងមានឆន្ទៈចង់​ចេះចង់​ដឹងបន្ថែម។ ពួកគេមិនរុញរា​នោះឡើយ​ក្នុងការធ្វើការងារ​ ក៏ដូចជាសិក្សារៀន​សូត្រ​អំពីក្រុមហ៊ុន​បរទេស ហើយចែក​រំលែកចំណេះដឹងទាំងឡាយដែលពួកគេទទួលបាន។ ទីពីរ កម្ពុជា​បានបន្ត​ឈោងចាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច តាមរយៈភាព​​បើក​ចំហយ៉ាងទូលាយ​ និងទីផ្សារសេរី ដោយមាន​បទបញ្ញតិត្រឹមត្រូវ​ តែផ្តល់ភាពងាយស្រួលនិងសាមញ្ញ ហើយពួកយើង​ស្វាគមន៍ជា​និច្ចចំពោះ​សហគ្រិនមកពី​បណ្តាប្រទេស​ជុំវិញពិភពលោក។

៨៖ តើអ្វីទៅជាចំណុច​ខ្សោយ ឬក៏បញ្ហាប្រឈម ដែលប្រទេសកម្ពុជា​នឹងត្រូវយកឈ្នះ​ឲ្យបាន?

ចំណុយខ្សោយមួយនោះ​ គឺការរំពឹងទុក​មិនស៊ីសង្វាក់គ្នា។ ក្តីរំពឹងរបស់​ប្រជាជនកម្ពុជាជាទូទៅ​មានកម្រិត​ខ្ពស់ខ្លាំង ជាងអ្វីដែល​​យើងអាចផ្តល់​ឲ្យបានសម្រាប់​ពលករ សហគមន៍ជំនួញ និងវិនិយោគិន​បរទេស។ ដោយសារតែ​កម្ពុជាកំពុង​នៅលើផ្លូវចំណោត​នៃការ​អភិវឌ្ឍ មនុស្សភាគច្រើន​តែងតែមាន​ទម្រង់មូលដ្ឋាន ឬក៏ក្តីរំពឹងខ្ពស់​បែបនេះ​ហើយ ដែលវាកំពុងបង្ក​ជាបញ្ហាលំបាក​ខ្លាំង។ ការគ្រប់គ្រងក្តី​រំពឹងទុកទាំងនេះ និងការលើកទឹកចិត្ត​ដល់វិនិយោគទុនបរទេសគឺជារឿង​ដ៏លំបាកមួយ ក៏ប៉ុន្តែវាក៏ជាបញ្ហា​​ដែលយើងបានប្តេជ្ញាថា​ នឹងយកឈ្នះឲ្យបាន​ផងដែរ។ ក្រៅពីនេះនៅ​មានបញ្ហាមួយចំនួនទៀត​ ដូចជាការសម្របសម្រួល​គ្រឹះ​ស្ថាន រួមជាមួយការ​បង្កើនសមត្ថភាព​រដ្ឋបាល​សាធារណៈ។

៩៖ តើអ្នកនឹងឃើញប្រទេស​កម្ពុជាយ៉ាងដូចម្តេច នៅក្នុងពេល២០ឆ្នាំខាងមុខ?

ដោយផ្នែកលើការរីកចម្រើ​នរបស់កម្ពុជាមក​ទល់សព្វថ្ងៃនេះ យើងអាចមើលឃើញថា សេដ្ឋកិច្ចកម្ពុជា​បាន និងកំពុងប្រាស​ចាក​ឆ្ងាយពីការ​យកវិស័យកសិកម្ម​ជាមូលដ្ឋាន ហើយប្រែក្លាយ​ជាប្រទេសដែលមាន​ទំនោរពឹងផ្អែក​ទៅរកទ្រព្យសម្បត្តិ​ និងបច្ចេក​វិទ្យា​វិញ។ ម៉្យាងវិញទៀត​វិស័យបម្រើសេវាកម្ម​ នឹងបន្តវិវឌ្ឍន៍​ទៅមុខ ហើយសេដ្ឋកិច្ច​នឹងកាន់តែរីកចម្រើន​ឆ្ងាយ​ហួសពី​វិស័យ​កាត់ដេរ ដែលកម្ពុជា​តែងតែបានពឹងផ្អែក​ អស់រយៈពេល​ជាយូរណាស់មកហើយ​នោះ​ថែមទៀត ខណៈបច្ចេកវិទ្យា​ នឹងដើរតួនាទី​យ៉ាង​សំខាន់បំផុត​នៅក្នុងប្រទេស៕