(ភ្នំពេញ)៖ លោក ណារីន ស្រ៊ីវ៉ាសតាវ៉ា (Naveen Srivastava) ឯកអគ្គរដ្ឋទូតឥណ្ខាប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិ បានប្រាប់កម្ពុជា ឲ្យមានទំនុកចិត្តចំពោះទឹកខ្មៅ ដែលប្រើសម្រាប់ជ្រលក់ដៃពេលបោះឆ្នោត ព្រោះទឹកខ្មៅនេះ ធ្លាប់បានប្រើឲ្យពលរដ្ឋឥណ្ឌាជាង ១ពាន់លាននាក់ ជ្រលក់ដៃពេលបោះឆ្នោត ហើយពុំមានបញ្ហាអ្វីនោះឡើយ។

លោកឯកអគ្គរដ្ឋទូតឥណ្ឌា ថ្លែងយ៉ាងដូច្នេះក្នុងពេលជួបជម្រាបលា និងសំណេះសំណាលជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវិមានសន្ដិភាពនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ។

នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ឯកអគ្គរាជទូតឥណ្ឌា បានថ្លែងយ៉ាងដូច្នេះថា «ទឹកខ្មៅជ្រលក់ដៃសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ២០១៧ នេះ គឺធ្លាប់បានប្រើក្នុងការបោះឆ្នោតនៅឥណ្ឌា ដែលមានប្រជាពលរដ្ឋជាង ១ពាន់លាននាក់។ ប្រទេសឥណ្ឌពុំដែលមានបញ្ហាអ្វីនោះទេ។ ដូច្នេះកម្ពុជាត្រូវមានជំនឿទុកចិត្តលើទឹកខ្មៅជ្រលក់ដៃក្នុងពេលបោះឆ្នោតខាងមុខនេះ»

គួរបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាទិញទឹកខ្មៅពីប្រទេសឥណ្ឌា ចំនួន ៤៦,៥០០ដប ក្នុងទំហំទឹកប្រាក់ ៧៩៣,២៤០ដុល្លារអាមេរិក ព្រមទាំងបានបញ្ចូនមកដល់ប្រទេសកម្ពុជា រួចរាល់ហើយ។ ក្រៅពីការប្រើប្រាស់ទឹកខ្មៅនេះ គ.ជ.ប ក៏បានដាក់ចេញនូវវិធានការ ៥ចំណុចបន្ថែមទៀត ដើម្បីធានាថា ប្រជាពលរដ្ឋខ្មែរម្នាក់ អាចបោះឆ្នោតបានតែម្ដងប៉ុណ្ណោះ។

លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា វិធានការទាំង៥ចំណុចនេះ មានប្រសិទ្ធភាពជាងទឹកថ្នាំជ្រលក់ដៃនេះទៅទៀត។

វិធានការទាំង ៥ចំណុចនោះរួមមាន៖

ទី១៖ ពង្រឹងការចេញឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោតជូនអ្នកបោះឆ្នោត ដែលពុំមានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ទី២៖ ពង្រឹងភារកិច្ចរបស់លេខាធិការការិយាល័យបោះឆ្នោត ក្នុងការអនុវត្តការពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតរបស់អ្នកបោះឆ្នោត ជាមួយនឹងរូបពិតរបស់ជននោះ ធៀបនឹងរូបថត ឈ្មោះ និងទិន្នន័យរបស់គាត់ ក្នុងបញ្ជីបោះឆ្នោត មុននឹងធិចសញ្ញាសម្គាល់ដើម្បីបញ្ជាក់ថា ជននោះបានមកបោះឆ្នោត។

ទី៣៖ ណែនាំឲ្យលេខាធិការដ្ឋានឲ្យធិចលើកប្រអប់លេខរៀងនៃបញ្ជីបោះឆ្នោត និងណែនាំអ្នកបោះឆ្នោតឲ្យធិចនៅលើបញ្ជីបោះឆ្នោតត្រង់ចន្លោះទំនេរ នៃឈ្មោះរបស់អ្នកបោះឆ្នោត ដើម្បីផ្ទៀងផ្ទាត់ និងបញ្ជាក់ថា សាមីខ្លួនបានមកបោះឆ្នោត។

ទី៤៖ រំលឹកដល់ភ្នាក់ងារគណបក្សនយោបាយ ដែលមានបញ្ជីឈ្មោះនៅក្នុងដៃ និងអ្នកសង្កេតការណ៍បោះឆ្នោត ឲ្យតាមដានពិនិត្យមើលដំណើរការពិនិត្យផ្ទៀងផ្ទាត់ឯកសារប្រើប្រាស់ សម្រាប់ការបោះឆ្នោតរបស់អ្នកបោះឆ្នោត ជាមួយនឹងរូបពិត ធៀបនឹងរូបថត ឈ្មោះ និងទិន្នន័យរបស់គាត់ក្នុងបញ្ជីបោះឆ្នោត។

ទី៥៖ ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការពង្រឹងការអនុវត្តទោសប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា១៧១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត៕