(ភ្នំពេញ)​៖​ បន្ទាប់ពីសពវីរៈយុទ្ធជនកម្ពុជាទាំ​ង​ ៤រូប​ ត្រូវបានដង្ហែយកទៅដម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ នៅលំនៅដ្ឋានរៀងៗខ្លួនហើយនោះ​ នៅព្រឹកថ្ងៃទី២២​ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងឲ្យក្រុមការងារកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល​ ដឹកនាំដោយ​ លោក​ យូ​ ឡាណា​ អគ្គលេខាធិការរងទី​ ២​ កាកបាទក្រហមកម្ពុជា​  នាំយកសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងបច្ច័យមួយចំនួន​ ទៅចូលបុណ្យសព​ លោកព្រិន្ទបាលទោ​ ស៊ាង​ នរិន្ទ​ វីរៈយុទ្ធជនមួកខៀវកម្ពុជា​ ដែលបាន​ពលីជីវិត​​នៅសាធារណរដ្ឋអាហ្រ្វិក​កណ្តាល ក្នុងបុព្វហេតុមនុស្សធម៌ពិភពលោក កាល​ពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧​ កន្លងទៅ​នេះ ហើយដែលបច្ចុប្បន្ន​ សពកំពុងតម្កល់ធ្វើបុណ្យនៅវត្តគ្រាំងធ្នង់​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។​

ដោយឡែក​ សម្រាប់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា​ ខេត្តសៀមរាប​ ស្វាយរៀង​ និងខេត្តពោធិ៍សាត់​ ក៏បានដឹកនាំគណៈប្រតិភូ​ ចូលរួមគោរពវិញ្ញាណក្ខន្ធ​ និង នាំយកនូវសាររំលែកទុក្ខដ៏ក្រៀមក្រំ​ជាមួយក្រុមគ្រួសារសពវីរៈយុទ្ធជន​ ៣រូប​ទៀត​ ដែលតម្កល់ធ្វើបុណ្យនៅ​លំនៅដ្ឋានរៀងៗខ្លួន ៖

១៖ សពលោកអនុសេនីយ៍ឯក​ ម៉ៅ​ អេង​ ស្ថិតនៅភូមិបាក់រនាស់​ សង្កាត់សង្ឃ​ ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង។

២៖ សពលោកអនុសេនីយ៍ទោ​ អ៊ឹម​ សំ​ ស្ថិតនៅភូមិកំពង់ក្តី​ ឃុំកំពង់ក្តី​ ស្រុកជីក្រែង​ ខេត្តសៀមរាប។

៣៖ សពលោកព្រិន្ទបាលទោ មុំ តុលា ស្ថិតនៅភូមិក្បាលហុង ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

នេះជាការចូលរួមរំលែកទុក្ខជាលើកទី​ ២​ បន្ទាប់ពី​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានចាត់ចែងក្រុមការងារ​នាំយកបច្ច័យចំនួន​ ២០លានរៀល​ និងគ្រឿងឧបភោគ-បរិភោគ​ ទៅចូលបុណ្យសពនីមួយៗ​ ម្ដងរួចមកហើយ កាលពីថ្ងៃទី១១​-១២ ខែឧសភា​ ឆ្នាំ២០១៧​ កន្លងទៅ​នេះ មុនពេលសពដឹកមកដល់មាតុភូមិវិញ​។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏​ក្រៀមក្រំបំផុតនេះ ជាមួយក្រុមគ្រួសារនៃសព ហើយសូមឲ្យវិញ្ញាណក្ខន្ធ​សព​​ទាំង ៤រូប បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀង​ឃ្លាតឡើយ។

សូមបញ្ជាក់ថា ទាហានមួកខៀវកម្ពុជាទាំង ៤រូប ដែលបានពិលីជីវិតនោះរួមមាន​ ៖ ១៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរប៊ុលដូស៊ែរ, ២៖ លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, ៣៖ លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង ៤៖ លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ៕