(សៀមរាប)៖ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចូលរួមសហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រីស្នងការ ហ៊ូ វ៉ាន់នី បានចុះបង្ក្រាបករណីចាត់ចែងឲ្យ ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅ ចំនុចភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

មន្រ្តីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យ០៣នាក់រួមមាន៖ ទី១-ឈ្មោះ វ៉ាន់ សុប៊ុន អាយុ២៤ឆ្នាំ មុខរបរគ្មាន ទីលំនៅ ភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប (ចាត់ចែង)និងមានសារធាតុញៀន ក្នុងខ្លួន ទី២-ឈ្មោះ ឡាយ លេន អាយុ២៣ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិភ្នំដី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ចាត់ចែង)និងមានសារធាតុញៀនក្នុងខ្លួន និងទី៣-ឈ្មោះ ឃឿម ធ អាយុ២៤ឆ្នាំ មុខរបរគ្មានទីលំនៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប(ចាត់ចែង)និងមានសារធាតុញៀនក្នុងខ្លួន។

សម្រាប់ការចាប់ខ្លួនជនសង្ស័យទាំង៣នាក់ កម្លាំងនគរបាលបានដកហូត ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។ បច្ចុប្បន្ននគរបាលជំនាញកសាងសំណុំរឿងបបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕