(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ កម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមហៅកាត់ថា គ.ប.ផ.ក បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងសំអាងចម្រុះ ដែលគ្មានច្បាប់អនុញ្ញាត នៅខណ្ឌចំការមន។

ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោកព្រះរាជ្ញារង ងិន ពេជ្រ  និងលោកឧត្ដមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាដ្នាន និងប្រធានក្រុមប្រតិបត្តិការពិសេសក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលចម្រុះ​។ ម្ចាស់ផ្ទះមានឈ្មោះ ហ៊ឹម ទូច ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៤A តាមផ្លូវលេខ៣៥៨ ស្ថិតនៅក្រុម៣២ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន​។

ប្រតិបត្តិដែលធ្វើនៅ​២ទីតាំងស្ថិត ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមននេះ ដកហូតបានគ្រឿងសំអាងមួយចំនួនធំ ហើយត្រូវបានយក​ទៅរក្សាទុក ដើម្បីកសាងសំណុំរឿង​ចាត់វិធានការតាមផ្លូវច្បាប់ ដោយឡែកម្ចាស់ផ្ទះត្រូវបាននាំខ្លួនយកទៅសួរនាំ។

ជាមួយគ្នានេះសមត្ថកិច្ចសូមអំពាវនាវដល់សាធារណជនមេត្តាចូលរួម និងសហការផ្ដល់ព័ត៌មានអំពីទីតាំង ឬជនដែលផលិត ចែកចាយផលិតផល ក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម ហើយសាធារណៈ​អាចទំនាក់ទំនងផ្ដល់ព័ត៌មានបាន តាមលេខទូរស័ព្ទ ០៨១ ៩៩៩ ៨០៨៕