(ភ្នំពេញ)៖ សាលាបឋមសិក្សា និងមធ្យមសិក្សា ELT ហៅកាត់ថា EESS នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ បានរៀបចំកម្មវិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សឆ្នើមប្រចាំឆមាស និងសិស្សពូកែផ្នែកអក្សរសាស្ត្រខ្មែរ គណិត និងរូបវិទ្យា កម្រិតថ្នាក់ទី៩ និងទី១២ សរុបចំនួន៦នាក់ បន្ទាប់ពីទទួលបានការគាំទ្រ និងជឿទុកចិត្តពីសំណាក់សិស្សានិសិស្ស និងអាណាព្យាបាលជាច្រើនឆ្នាំកន្លងមក។​

សម្រាប់សិស្សពូកែទាំង៦នាក់ខាងលើ ក៏ទទួលបានដំណើរកម្សាន្តទស្សនកិច្ចនៅប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ចំនួន៤ថ្ងៃ និងដោយទទួលបានការឧបត្ថម្ភពីលោកស្រី អគ្គនាយិកាសាលាផងដែរ។

ពីធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សឆ្នើមនេះ ក៏ស្របពេលជាមួយនឹងថ្ងៃគម្រប់ខួប ១០ឆ្នាំ នៃការបង្កើតសាលាបឋមសិក្សា និងមធ្យមសិក្សា អ៊ីអិលធី ដែលក្នុងនោះសាលាបាន៖
* សហការជាមួយក្រុមហ៊ុនធានារ៉ាប់រងខ្នាតអន្តរជាតិ CVI ដើម្បីផ្ដល់នូវការធានារ៉ាប់រងដល់សិស្សានុសិស្សាទាំងអស់ដោយឥតគិតថ្លៃ
* សេវាថែទាំសុខភាពបឋម នៅក្នុងបរិវេណសាលា
* ផ្ដល់ជូនកន្លែងស្នាក់នៅដល់សិស្សានុសិស្ស ដែលសិក្សាពេញមួយថ្ងៃ ដោយឥតគិតថ្ងៃក្នុងឆ្នាំសិក្សា ២០១៧-២០១៨
* ផ្ដល់រង្វាន់ទស្សនកិច្ចសិក្សាដល់សិស្សឆ្នើម លើមុខវិជ្ជាអក្សរសាស្រ្ត គណិតវិទ្យា និងរូបវិទ្យាជាបន្តទៀត ក្នុងពេលនេះ។

លោកស្រីនាយិកាសាលា បានឲ្យដឹងថា ក្នុងរយៈពេលជាងមួយឆមាសនេះ សិស្សបានទទួលនូវបទពិសោធន៍ថ្មីៗជាច្រើន ទាំងចំណេះដឹង ចំណេះធ្វើ បូករួមទាំងសីលធម៌ តាមរយៈការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងការជំរុញ ព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់លោកគ្រូ អ្នកគ្រូ តាមថ្នាក់នីមួយៗ តាមរយៈការចែករំលែកនូវបទពិសោធន៍ ការអនុវត្តជាក់ស្ដែង ការបង្ហាត់បង្ហាញ និងតម្រង់ទិស ជូនដល់សិស្សានុសិស្សឲ្យបានស្វែងយល់ និងស្គាល់កាន់តែច្បាស់ទៅតាមមុខវិជ្ជានីមួយៗ។

សាលា ELT ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដែលមានឈ្មោះដើមថា បណ្ឌិតសភាអាមេរិកាំង និងបានប្ដូរឈ្មោះមកជា វិទ្យាស្ថានបណ្ដុះបណ្ដាលភាសាអង់គ្លេស អ៊ីអិលធី នៅឆ្នាំ១៩៩៧ ហើយក៏ជាស្ថាប័នដែលមានវ័យចំណាស់ ប៉ុន្ដែមានទំនើបកម្ម និងបច្ចុប្បន្នភាពជាប្រចាំក្នុងការបណ្ដុះបណ្ដាល លើភាសាអង់គ្លេស ដែលហេតុធ្វើឲ្យសិស្សានិសិស្ស អាណព្យាបាល និងសាធារណជន មានទំនុកចិត្តលើបេសកកម្មបណ្ដុះបណ្ដាលរបស់ខ្លួន ទើបនៅឆ្នាំ២០០៧ សាលាបឋមសិក្សា និងមធ្យមសិក្សា អ៊ីអិលធី ហៅកាត់ថា EESS ត្រូវបានបង្កើតឡើងដោយផ្ដល់នូវការអប់រំចំណេះដឹងទូទៅ ចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ តាមបែបអាមេរិកាំង និងបានធ្វើសមាហរណកម្ម ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលសព្វថ្ងៃនេះ សាលាបានបន្ថែមកម្មវិធីសិក្សាមួយទៀត ដែលសិក្សាជាភាសាខ្មែរផងដែរ។

ដោយទទួលបានសំណូមពរពីសិស្សានុសិស្ស ចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សា បន្ទាប់ពីបញ្ចប់ការសិក្សានៅមធ្យមសិក្សា ឬបានប្រឡងជាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ជាពិសេសដោយឈរលើទស្សនវិស័យវែងឆ្ងាយ ក្នុងការស្រឡាញ់លើវិស័យអប់រំនៅកម្ពុជា ទើបនៅឆ្នាំ២០១០ សាកលវិទ្យាល័យកម្ពុជាអន្តរជាតិ ហៅកាត់ថា CamIU ត្រូវបានចាប់បដិសន្ធិឡើងដោយធ្វើការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ លើមុខជំនាញជាច្រើន ដែលនិស្សិតអាចជ្រើសរើសបានតាមការចង់បាន ហើយក្នុងឆ្នាំសិក្សា២០១៧-២០១៨ ខាងមុខនេះ CamIU និងធ្វើការបណ្ដុះបណ្ដាលកម្មវិធីសិក្សាបែបអន្តរជាតិ ហៅកាត់ថា Double degree programs ហើយតាមរយៈកម្មវិធីនេះ និស្សិតនឹងទទួលបានសញ្ញាបត្រ ចំនួន២ ក្នុងពេលជាមួយគ្នា ទាំងសញ្ញាបត្រជាតិ និងសញ្ញាពីសាកលវិទ្យាល័យ ចាដៃគូនៅក្រៅបរទេសដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ៕