(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរប៊ែវើរីជីស បន្ត​ជួយ​លើកស្ទួយ​វិស័យកីឡា និង​សប្បុរសធម៌​ ដោយ​ឧបត្ថម្ភ​ធំ​ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាលម៉ារ៉ាតុង​អន្តរជាតិ​លើកទី​៧ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីចម្រើន​ព្រះ​ជន្ម​​សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ និង​ដើម្បី​រៃអង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា។

ក្រៅពី​គោលបំណងទាំងពីរខាងលើ​ ការ​រៀបចំទិវារត់ប្រណាំងនេះ ក៏​ដើម្បី​ផ្សព្វផ្សាយយុទ្ធនាការទីក្រុងស្អាត​ និងបៃតង​ និង​ដើម្បី​ជួយ​ឲ្យ​ទី​ក្រុង​ភ្នំពេញ​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏ទាក់ទាញ​មួយផងដែរ។

បណ្ឌិតអ៊ឹម សុធារិទ្ធ នាយក​ទំនាក់ទំនងក្រុមហ៊ុន​ខ្មែរ ប៊ែវើរីជីស បាន​មាន​ប្រសាសន៍ក្នុង​សន្និសីទកាលពីថ្ងៃ​ទី​២១ ខែឧសភា ថា៖ «ការចូលរួម​ក្នុង​ថ្ងៃនេះ​ បានបង្ហាញ​ពី​តាំងចិត្ត​ថ្មីមួយ​ទៀត​របស់​ក្រុមហ៊ុន​ខ្មែរ ប៊ែវើរីជីស ក្នុង​ការ​លើកស្ទួយវិស័យកីឡា និង​កិច្ចការសង្គម»
«ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជា​ក្រុមហ៊ុន​ដែលវិនិយោគដោយ​កួន​​ខ្មែរ១០០% ហេតុដូច្នេះយើង​តែង​ប្រកាន់​គោលការណ៍​មួយ​ គឺ «​ខ្មែរ​ជួយខ្មែរ» ដូចជាការ​ចួលរួម​ជួយ​លើកស្ទួយវិស័យកីឡាខ្មែរ និង​សកម្មភាពសប្បុរសធម៌នេះ ហើយ​ខ្ញុំ​សង្ឃឹមថា​ សកម្មភាពនេះ​នឹង​ក្លាយ​ជា​គំរូល្អ​មួយ​សម្រាប់​ក្រុមហ៊ុន​ឯកជន​ផ្សេង​ទៀត​ក្នុង​ប្រទេសកម្ពុជា»។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរកម្ពុជា ស្រាបៀរស្តោត​បាលីប្ល៊ែក ទឹកសុទ្ធកម្ពុជា ភេសជ្ជៈប៉ូវកម្លាំង​Wurkz ទឹកផ្លែឈើ​Joop និង​ភេសជ្ជៈ​Ize។

កន្លងមក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែង​ចូលរួម​យ៉ាងសកម្ម​​ក្នុង​ក្នុង​ការ​លើកស្ទួយវិស័យកីឡា និង​សប្បុរសធម៌ ជាអាទិ៍​ក្រុមហ៊ុន​បានឧបត្ថម្ភ​កម្ម​វិធី​ប្រណាំងកង់អន្តរជាតិ​លើកទី១​នៅ​ភ្នំ​បូកគោ Mount Bokor Challenge រៀបចំ​កម្មវិធីសប្បុរសធម៌ ​Run and Ride ដើម្បីកម្ពុជា​២០១៧ ដើម្បី​ប្រមូលថវិកាជួយសាលា​ខ្វះខាត​នៅទីជនបទ ឧបត្ថម្ភ​ការការប្រកួត​កីឡានានានៅ​ក្នុង​បុណ្យទន្លេ និង​បុណ្យសមុទ្រ ការ​ប្រកួត​កីឡា​ជាតិ​ចំ​នួន​បួន​លើក​ ការ​ប្រកួត​​ជម្រុះឆ្ពោះ​ទៅរក​ពាន់​រង្វាន់បាល់​ទាត់​ពិភពលោក ការប្រកួត​បាល់​ទាត់​មិត្ត​ភាព​អន្តរជាតិ​ និង​ការ​ប្រកួត​កីឡា​គុនខ្មែរជាច្រើន​ទៀត៕