ភ្នំពេញ)៖ ​ពេញមួយសប្ដាហ៍នេះ អង្គភាពសារព័ត៌មាន Fresh News បានបញ្ជូនអ្នកព័ត៌មានរបស់ខ្លួន ចំនួន៣រូប ទៅបំពេញបេសកកម្មការងារនៅក្រៅប្រទេស រួមមានប្រទេស ចិន ថៃ និងម៉ាឡេស៊ី ដើម្បីចូលរួមពាក់ព័ន្ធកិច្ចការព័ត៌មានផ្សេងៗ។

​លោក ពេជ្រ ប៊ុនសាយ និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News ទទួលបន្ទុកផ្នែកនយោបាយ និងសង្គម ត្រូវចេញបំពេញបេសកកម្មរយៈពេល០៦ថ្ងៃ​ ដោយចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ហើយបានទៅទស្សនកិច្ចនៅក្រុងចំនួន៤ របស់ខេត្តអានហួយ ក្នុងនោះមានទីក្រុង Hefei, Anqing, Chizhou, និងទីក្រុង Xuancheng ជាដើម។ អ្នកកាសែត ដែលបានទៅចូលរួមនោះ ត្រូវបានអញ្ជើញឲ្យទៅទស្សនា នៅមជ្ឈមណ្ឌលឧស្សាហកម្មផលិតរថយន្ត តំបន់ទេសចរណ៍ តំបន់កម្សាន្តបែបប្រពៃណី រួមទាំងតំបន់កម្សាន្តបែបធម្មជាតិ នានានោខេត្តអានហួយផងដែរ។

ដោយឡែក លោក ធី ធេង ប្រធានក្រុមព័ត៌មានកីឡា បានទៅចូលរួមក្នុងកម្មវិធី ស​ន្និសីទកាសែត ប្រកាសការចាប់ផ្តើមជាផ្លូវការនៃ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពថ្នាក់តំបន់របស់ក្រុម SCG Muangthong United ឆ្នាំ២០១៧​ នៅទីក្រុងបាងកក ប្រទេសថៃ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០១៧ ក្រោមការរៀបចំរបស់ក្រុមហ៊ុន SCG Cement។

កញ្ញា ឆេង សុរិយា ប្រធានផ្នែកព័ត៌មានផ្នែកសង្គមទូទៅ ទើបចេញដំណើរនៅព្រឹកថ្ងៃទី២២​ ខែឧសភា ឆ្នាំ២០១៧នេះ ទៅកាន់ទីក្រុងកូឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមយកព័ត៌មានក្នុងកម្មវិធី ភ្លក់អាហារម៉ាឡេ «Air Asia Santan Food Festival» រយៈពេល២ថ្ងៃ នាថ្ងៃទី២២ និងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ​។ ក្រៅពីការដាក់តាំងបង្ហាញអាហារ Santan ក៏មានការធ្វើបទបង្ហាញស្តីពីការចំអិនអាហារនេះ រួមនឹងមានភ្លក់អាហារ ពីចុងភៅ ដ៏ឆ្នើម ដែលបានចំអិនជូនអ្នកចូលរួមភ្លាមៗ ផងដែរ។

សូមបញ្ជាក់ថា ​បន្ទាប់ពីបាន​ទទួលនូវ​ទំនុកចិត្តពីក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុន Ford, ក្រុមហ៊ុន IZUSU, ក្រុមហ៊ុន Air Asia ជាដើម បានអញ្ជើញក៏ដូចជា ផ្ដល់ឱកាសឲ្យអ្នកព័ត៌មានរបស់អង្គភាព Fresh News បានចេញទៅចូលរួមកម្មវិធីផ្សេង និងយកព័ត៌មានជាដើម។ កន្លងមកអ្នកសារព័ត៌មានរបស់អង្គភាព Fresh News បានចេញប្រទេសជប៉ុន និងហ្វីលីពីន ដើម្បីសិក្សាស្វែងយល់បន្ថែមពីទំនៀបទម្លាប់ ការរស់នៅ និងការប្រកបរបររស់នៅផងដែរ៕