(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ ពាក់ព័ន្ធការជំរិតទារប្រាក់ចន្លោះពី១ម៉ឺនដុល្លារ ទៅ២ម៉ឺនដុល្លារ ពីអតីតសង្សារដែលជាអាជីវករផ្សារទួលទំពូង ជាថ្នូរនឹងការមិនទៅអុកឡុកដល់តូបលក់ដូរ។ ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងអាវុធហត្ថ ចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តសួរនាំ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧។

មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ZHU HONG YU អាយុ៣៩ឆ្នាំ មុខរបរជាអ្នកជំនួញស្នាក់នៅផ្ទះជួល ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមមន្រ្តីអាវុធហត្ថ ដើមចមបណ្តាលឲ្យមានការចាប់ខ្លួន ជាតិចិនរូបនោះ គឺដំណើររឿង ជនសង្ស័យធ្លាប់មានសង្សារម្នាក់ ជាអាជីវករលក់ដូរនៅក្នុងផ្សារទួលទំពូង។

ក្រោយមកពួកគេទាំងពីរនាក់មានភាពរកាំរកុះ ក៏បានបែកបាក់គ្នា ហើយខាងស្រី ក៏ឈប់ទាក់ទងខាងប្រុស តែខាងប្រុសបាន និងព្យាយាមទៅអុកឡុកខាងស្រី នៅតូបលក់ដូរជាញឹកញប់ និងច្រើនលើកច្រើនសារទៀតផង។ ពេលជនសង្ស័យទៅអុកឡុក អតីតសង្សារម្តងៗ ជននេះតែងតែគំរាមទារប្រាក់ពី១ម៉ឺនដុល្លារទៅ២ម៉ឺនដុល្លារ ទើបគេឈប់មកអុកឡុក។

ដោយទ្រាំ និងការអុកឡុកគំរាមទារប្រាក់នោះលែងបាន ស្ត្រីជាអតីតសង្សារ សម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ដើម្បីចាត់ការតាមផ្លូវច្បាប់។ យ៉ាងណាក៏ដោយភ្នាក់ងារ Fresh News ប្រចាំនៅតុលាការបានរាយការណ៍ថា បន្ទាប់ពីការសួរនាំរួចមក ជនសង្ស័យរូបនេះត្រូវបានតំណាងអយ្យការ ធ្វើការដោះលែងឲ្យត្រឡប់ទៅវិញផងដែរ៕