(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងតម្រាយផ្លូវឃោសនាបោះឆ្នោតរបស់គណបក្សសង្រ្គោះជាតិ ដែលគ្រោងនឹងហែរក្បួនស្ទើពេញរាជធានីភ្នំពេញ នៅតាមបណ្តោយផ្លូវ សំខាន់ៗនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧, ត្រូវបានអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ករណីនេះសាលារាជធានីភ្នំពេញ នឹងកោះប្រជុំលើករណីនេះនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ។

លោក ទេព នីថា អគ្គលេខាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកនេះថា ករណីមានគណបក្សនយោបាយណារំលោភលើតម្រាយ ផ្លូវឃោសនាបោះឆ្នោត ដែលសាលារាជធានីភ្នំពេញ បានជូនដំណឹង ទាំងអាជ្ញាធរ និងគ.ជ.ប នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការអនុគ្រោះឡើយ។

ការថ្លែងរបស់លោក ទេព នីថា បានធ្វើឡើងនៅក្នុងសន្និសីទកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការឃោសនាបោះឆ្នោត ឃុំ-សង្កាត់ ២០១៧ នាព្រឹកថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ២០១៧ នៅទីស្នាក់ការ គ.ជ.ប។

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ គណបក្សសង្រ្គោះជាតិ បានប្រកាសឲ្យដឹងថា នឹងរៀបចំការជួបជុំសមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្ស នៅទីតាំងផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីដង្ហែក្បួនឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ហើយការហែក្បួននោះ គ្រោងនឹងឆ្លងកាត់តាមបណ្តាផ្លូវសំខាន់ៗមួយចំនួន ស្ទើតែពេញរាជធានីភ្នំពេញ ដែលចំណុចខ្លះត្រូវបានហាមឃាត់ដោយសាលារាជធានីភ្នំពេញ និងគ.ជ.ប។

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ទីតាំងផ្លូវ, ទីសាធារណៈ និងទីប្រជុំជនដែលត្រូវហាមឃាត់ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ដូចតទៅ៖

ចំណុចទី១៖ ផ្លួវនានាដែលត្រូវចៀសវាងក្នុងការហែក្បួនរួមមាន កំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីវិមានឯករាជ្យ ដល់ស្តុបមន្ទីរពេទ្យព្រះអង្គឌួង), មហាវិធីសហព័ន្ធរុស្ស៊ី កំណាត់ផ្លូវមហាវិថីព្រះមុនីវង្ស (ចាប់ពីស្តុបបេកាសេ ដល់ស្តុបអតីតមន្ទីរពេទ្យចិន), កំណាត់មហាវិថីមៅសេទុង (ចាប់ពីស្តុបចេនឡា ដល់ស្តុបទេពផន), កំណត់មហាវិថីទេពផន (ចាប់ពីកែងស្តុបមហាវិថីព្រះមុនីវង្ស ដល់ស្តុបនាងគង្ហឹង), កំណាត់វិថីសុធារស (ចាប់ពីកែងផ្លូវ ១៥៤ ដល់មហាវិថីព្រះសីហនុ), មហាវិថីព្រះសុរាម្រិត, ផ្លូវជុំវិញព្រះបរមរាជវាំង (កំណាត់ផ្លូវលេខ២៤០ និងផ្លូវលេខ១៨៩)។

ចំណុច២៖ ទីប្រជុំជនដែលត្រូវចៀសវាងការប្រមូលផ្តុំ និងហែក្បួន រួមមាន៖ ផ្លូវជុំវិញផ្សារធំថ្មី, ផ្លូវជុំវិញផ្សារអូរឫស្សី, ផ្លូវជុំវិញផ្សារអូឡាំពិក, ផ្លូវជុំវិញផ្សារទួលទំពួង, ផ្លូវជុំវិញផ្សារផ្សារដេប៉ូ និងផ្លូវជុំវិញផ្សារផ្សារដើមគរ។

និងចំណុច៣៖ ទីសាធារណៈ ដែលត្រូវចៀសវាងការប្រមូលផ្តុំរួមមាន សួនព្រះបរមរាជវាំង, ទីធ្លាមេរុ, សួនមុខវត្តបទុមវត្តី (តែអនុញ្ញាតនៅទីវាលការីឡាចុង ខាងត្បូងសួនច្បារវត្តបទុវត្តី), ទីតាំងវិមានឯករាជ្យ និងសួនច្បារវិមានឯករាជ្យទាំងមូល, ទីធ្លារូបសំណាក់លោកយាយពេញ, សួនច្បារអ្នកភិរម្យអ៊ូ ហៅង៉ុយ, និងសួនច្បារសម្តេចតេជោ ហ៊ុន សែន ជាដើម។

ការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះ ហើយ។ ការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនេះ​ មានរយៈពេល ១៤ថ្ងៃ ពោលគឺនឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី០២ ខែមិថុនា៕