(កំពង់ស្ពឺ)៖ លោក ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអះអាងថា ការដោះស្រាយវិវាទក្រៅប្រពន្ធតុលាការកំពុងពេញនិយម និងមានប្រជាប្រិយភាពយ៉ាងខ្លាំង មិនថាតែសម្រាប់​កម្ពុជាទេ គឺទូទាំងសកលលោកតែម្តង។

រដ្ឋលេខាធិការរូបនេះបានបញ្ជាក់ថា ព្រោះយន្តការនេះធានាឲ្យប្រជាពលរដ្ឋទូទៅ អាចរស់នៅជាមួយគ្នា ប្រកបដោយភាពសុខដុម តាមរយៈការដោះស្រាយវិវាទនានា ដោយប្រើវិធីសម្រុះសម្រួលពិគ្រោះយោបលគ្នាទៅវិញទៅមក ធ្វើសម្បទានឲ្យគ្នា ក្រៅប្រព័ន្ធតុលាការ អាចបង្កើតពីភាពល្អក់កករនឹងគ្នា ក្លាយទៅជាមិត្តភាព ស្និតស្នាលក្នុងនាមជាអ្នកជិតខាងគ្នា។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតី ក្នុងបើកសិក្ខាផ្សព្វផ្សាយអំពីការងារ មណ្ឌលសេវាកម្មយុត្តិធម៌ និងច្បាប់មូលដ្ឋានដល់សសិក្ខាកាម​ ២២២នាក់ មកពីក្រុង ស្រុក និងឃុំ សង្កាត់ទូ​ទាំង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតក្នុងសាលប្រជុំភោជនីដ្ឋានភ្នំមាស ក្នុងភូមិចំបក់ ឃុំចំបក់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមផងដែរពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក ហង់ ស៊ីថា ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ លោក អ៊ូរ ផាត ព្រះរាជអាជ្ញារង និងលោក ម៉ែន វណ្ណៈ ចៅក្រមសាលាដំបូង ខេត្តកំពង់ស្ពឺ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

គោលបំណងសិក្ខាសាលាផ្សព្វផ្សាយ អំពីមណ្ឌលសេវាកម្មយុត្តិធម៌ និងច្បាប់មូលដ្ឋាន ដែលរៀបចំដោយ ក្រុមការងារនាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន នៃក្រសួងយុត្តិធម៌នេះ ដើម្បីផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋានស្រុង ស្រុក និងឃុំ-សង្កាត់ ជាពិសេសមន្ត្រីមណ្ឌលសេវាកម្ម ឲ្យបានយល់ដឹងកាន់តែច្រើន អំពីគុណភាព និងអត្ថប្រយោជន៍ដ៏សំខាន់ មណ្ឌលសេវាកម្មយុត្តិធម៌ ក្នុងការរួមចំណែកកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

យោងតាមស្ថិតិរបស់នាយកដ្ឋានសន្ធានកមម្ម និងយុត្តិធម៌មូលដ្ឋាន បានបង្ហាញថា ការដោះស្រាយវិវាទ និងប្រឹក្សាយោផលជួនប្រជាពលរដ្ឋ  ដែលនាយដ្ឋានសម្រេចបានក្នុងរយៈពេលត្រីមាស១ ឆ្នាំ២០១៧នេះ រួមមាន​៖ ទី១៖ផ្តល់ប្រឹក្សាយោបលផ្នែកច្បាប់ បានចំនួន ៣៧៨ករណី ,ទី២៖ទទួលធ្វើការសម្រុះសម្រួលវិវាទបានចំនួន ១,០២៩ករណី​, ក្រៅប្រព័ន្ធតុលាការ គឺជាយន្តការកំពុងតែពេញនិយម និងមានប្រជាប្រិយភាពយ៉ាងខ្លាំង មិនថាតែក្នុងប្រទេសកម្ពុជានោះទេ មានទូ​ទាំងសកលលោកតែម្តង។ ក្នុងរបាយឲ្យដឹងទៀតថា ការផ្តល់សេវាប្រឹក្សាយោបល់ និងសម្រុះសម្រួលវិវាទ ក្នុងរយៈពេល៣ខែ ឆ្នាំ២០១៧នេះ មណ្ឌលសេវាកម្មយុត្តិធម៌ ក្រុង ស្រុក ខណ្ឌ៤០ នៃរាជធានី ខេត្តទាំង១០ មានចំនួន​១,៤០៧ករណី។

ដោយឡែកមណ្ឌលផ្តល់សេវាកម្មយុត្តិធម៌ ស្រុកទាំង​៤ក្នុងខេត្តកំពង់ស្ពឺ (មានស្រុកភ្នំស្រួច​, ស្រុកឧដុង្គ​, ស្រុកគងពិសី​, ស្រុកបសេដ្ឋ) សម្រេចបានក្នុងរយៈពេលត្រីមាស១ ឆ្នាំ២០១៧នេះ រួមមាន៖ ទី១៖ប្រឹក្សាយោបលផ្នែកច្បាប់បានចំនួន ៥ករណី និងទី២៖ទទួលធ្វើការសម្រុះសម្រួលវិវទបានចំនួន ២០៧ករណី សរុបការផ្តល់ប្រឹក្សា និងសម្រុះសម្រូលវិវាទទាំង ៤មណ្ឌល នៃខេត្តកំពង់ស្ពឺ បានចំនួន ២១២ករណី។

សូមបញ្ជាក់ថា មណ្ឌលសេវាកម្មយុត្តិធម៌ទូទាំងប្រទេសមានចំនួន ៤០ការិយាល័យតាមបណ្តាស្រុកគោលដៅ ដែលផ្តល់សេវាកម្មដោះស្រាយវិវាទ និងប្រឹក្សាយោបលផ្នែកច្បាប់ដោយឥតគិត្តថ្លៃ។ ប្រសិនបើប្រជាពលរដ្ឋ ជួបបញ្ហាចង់ពិគ្រោះយោបលប្រឹក្សាផ្នែកច្បាប់ ឬបញ្ហាផ្សេងៗទៀត អាចធ្វើការទំនាក់ទំនងតាមមណ្ឌលផ្តល់សេវាកម្មយុត្តិធម៌ដែលនៅជិតបំផុត ឬទំនាក់ទំនងមកកាន់នាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន នៃក្រសួងយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ០២៣ ២១២ ៥១៦​ គ្រប់ម៉ោងរដ្ឋបាល៕