(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន៦០០០នាក់ មកពីឃុំចំនួន៣ ​មានឃុំភូមិថ្មី​ ឃុំគំរូ​ ឃុំថ្មពួក​ នៃស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ក្នុងដំណើររួមគ្នាឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដ៏ទៃផ្សេងទៀត ដែលតែងតែគិតគូរ ចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជារបស់យើង។

ថ្លែងទៅកាន់អ្នកចូលរួម នាយឧត្តមសេនីយ៍​ កែ​ គឹម​យ៉ាន ​បានថ្លែងរំលឹកពីអនុស្សាវរីយ៍ពីអតីតកាល ដែលតំបន់នេះជាសមរភូមិសង្រ្គាមច្បាំងគ្នារវាងខ្មែរ​ និងខ្មែរគ្នាឯង​។ លោកបានថ្លែងបញ្ជាក់ថា​ «ក្រោមយុទ្ធសាស្រ្តឈ្នះ​ឈ្នះ​ របស់សម្តេចតេជោ ហ៊ុន​ សែ ​សង្រ្គាមលើទឹកដីខ្មែរទាំងមូល ត្រូវបានបញ្ចប់នៅឆ្នាំ១៩៩៨​ សន្តិភាព​ សន្តិសុខ​នេះបានបន្តមកដល់សព្វថ្ងៃ​ ធ្វើឲ្យប្រទេសកម្ពុជា មានឱកាសធ្វើការអភិវឌ្ឍប្រទេស ដែលខ្ទេចខ្ទាំមួយនេះឲ្យមានការរីកចម្រើនលើគ្រប់វិស័យ​ ផ្លូវថ្នល់​ សាលារៀន​ និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាសសៃឈាមសង្គមត្រូវ បានកសាងស្តារឡើងវិញ ​ហើយការអភិវឌ្ឍនេះ គឺជាបាតដៃរបស់គណបក្យប្រជាជន ​ដែលកើតពីប្រជាជន​ បម្រើប្រជាជន​តែមួយគត់​ ហើយគ្មានបាតដៃរបស់បក្យប្រឆាំងទេ​»

ថ្លែងក្នុងឱកាសនោះដែរ​ ឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យអង្គពិធីយើងទាំងមូលក្រោកឈរស្មឹងស្មាតចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធដល់យុទ្ធជន ដែលបានពលីជីវិតក្នុងបេសកម្មអង្គការសហប្រជាជាតិ នៅអាហ្រ្វិកកណ្ដាលនាពេលថ្មីៗនេះ។ ឆ្លៀតក្នុងពេលនោះ ឧបនាយករដ្ឋមន្ត្រី បានក្រើន រំឭកដល់ប្រជាពលរដ្ឋទាំងអស់ ចាប់ពីអាយុ១៨ឡើងទៅត្រូវទៅបោះឆ្នោត អាណត្តិទី៤ ជ្រើសរើស ឃុំ-សង្កាត់ឲ្យបានគ្រប់គ្នា ហើយបោះឲ្យត្រូវចំគណបក្យណាដែលតែងតែរួមសុខទុក្ខ និងជួយបងប្អូនពេលជួបការលំបាក​ដើម្បីបន្តការអភិវឌ្ឍជាមួយគ្នាតទៅទៀត​ និងសូមអំពាវនាវឱ្យមានការចូលរួម ប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់គ្នា​ ជៀសឱ្យឆ្ងាយពីគ្រឿងញៀនដោយមិនជួញដូរ​ មិនចែកចាយ​ មិនចរាចរ​ មិនរក្សាទុក​ និងមិនប្រើប្រាស់នូវគ្រឿងញៀនគ្រប់ប្រភេទ ដោយកុំសាក​គ្រឿងញៀនសូម្បីតែម្តង​ព្រោះថា គ្រឿងញៀននេះវាបំផ្លាញសុខភាព​ អនាគតផ្ទាល់ខ្លួន ក្រុមគ្រួសារ​ និងសង្គមជាតិ៕

មុននឹងបព្ចាប់ ឯកឧត្តម នាយឧត្តមសេនីយ៍កែ​ គឹមយ៉ាន​ បានផ្តល់នូវអំណោយឧបត្ថម្ភជូនសមាជិក~សមាជិកា ក្នុងម្នាក់ៗទទួលបាន សារ៉ុង១ គណបក្សទាំង៣ឃុំ ក្នុងមួយឃុំៗទទួលបានថវិកា១លានរៀល,  ប្រគេនបច្ច័យវត្តពោធិរាមថ្មពួកចំនួន១លានរៀល , យុវជនស្រុកថ្មពួក១លានរៀល និងមន្ទីរពេទ្យបង្អែកស្រុកថ្មពួកថវិកា៥០មុឺនរៀល៕