(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានគូសបញ្ជាក់ថា គណបក្សនយោបាយទាំងអស់អាចដង្ហែក្បួនឃោសនារកសំឡេងឆ្នោតតែនៅក្នុងឃុំ សង្កាត់ ដែលខ្លួនបានចុះឈ្មោះប្រកួតប្រជែងតែប៉ុណ្ណោះ មិនអាចដង្ហែក្បួនទៅឃុំ សង្កាត់ ដែលមិនបានចុះឈ្មោះប្រកួតប្រជែងនោះឡើយ។

គ.ជ.ប បានបញ្ជាក់ថា បើគណបក្សនយោបាយណាមួយចង់ដង្ហែក្បួនឆ្លងកាត់ពីឃុំ សង្កាត់មួយ ទៅកាន់ឃុំ សង្កាត់ ដទៃ ដែលខ្លួនបានចុះឈ្មោះចូលរួមប្រកួតប្រជែងដែរ គឺត្រូវតែសុំការអនុញ្ញាតជាមុនឲ្យបាន ៣ថ្ងៃ។

នៅក្នុងសេចក្តីណែនាំរបស់ គ.ជ.ប ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ទៀតថា គណបក្សនយោបាយមួយអាចដង្ហែក្បួនរកសសំឡេងឆ្នោតបានតែពីរដងប៉ុណ្ណោះ នៅក្នុងឃុំ សង្កាត់ ដែលពួកគេបានចុះឈ្មោះចូលរួមប្រកួតប្រជែង។

សម្រាប់ការដើរចែកខិតប័ណ្ណផ្សព្វផ្សាយនៅតាមផ្សារវិញ គ.ជ.ប បានណែនាំឲ្យសុំការអនុញ្ញាតពីប្រធានគ្រប់គ្រងផ្សារនីមួយៗ ដើម្បីចៀសវាងនូវបញ្ហានានា។

គ.ជ.ប បានអំពាវនាវដល់មន្រ្តីអាជ្ញាធរ មានសមត្ថកិច្ចទាំងអស់ចូលរួមសហការក្នុងការកំណត់ និងរៀបចំទីសាធារណៈជូនគណបក្សនយោបាយ សម្រាប់ការឃោសនាបោះឆ្នោត ធ្វើយ៉ាងណាបញ្ចៀសនូវការប៉ះទង្គិច និងរក្សាបានសណ្តាប់ធ្នាប់តាមទីសាធារណៈផងដែរ។

សូមបញ្ជាក់ថា ការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះហើយ។ ការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនេះ​ មានរយៈពេល ១៤ថ្ងៃ ពោលគឺនឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី០២ ខែមិថុនា។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានណែនាំដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជួយសម្របសម្រួលដល់ការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនេះផងដែរ ធ្វើយ៉ាងឲ្យការដង្ហែក្បួនប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរ រក្សា បានសន្តិសុខ សណ្តាប់ធ្នាប់ និងចៀសវាងការបង្កនូវបញ្ហានានា៕