(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងនគរបាលទាំងអស់ នៅទូទាំងប្រទេស ធ្វើយ៉ាងណា ខិតខំប្រឹងប្រែងបំពេញការងារថែរក្សាសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ បានល្អទាំងពេលឃោសនាបោះឆ្នោត, ពេលបោះឆ្នោត និងពេលរាប់សន្លឹកឆ្នោតឲ្យខាងតែបាន។

នេះបើតាមការឲ្យដឹងពីនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំរវាងនាយឧត្តមសេនីយ៍ នេត សាវឿន ជាមួយស្នងការនគរបាលទាំង២៥រាជធានី-ខេត្ត នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ ដើម្បីបន្ដផ្សព្វផ្សាយផែនការ ការពារយុទ្ធនាការឃោសនា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

​នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា ​កិច្ចប្រជុំព្រឹកមិញនេះ ដើម្បីក្រើនរំលឹកឡើងវិញ​រាល់បញ្ហាសំខាន់ៗ ទាក់ទងនឹងការចាត់វិធានការ ដើម្បីការពារបរិយាកាស នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ ធ្វើមិចឲ្យបរិយាកាសមានលក្ខណៈល្អបម្រើដល់ការបោះឆ្នោត មានលក្ខណៈស្ងប់ស្ងៀម គ្មានអ្វីដែលកើតឡើងប៉ះពាល់​។

អ្នកនាំពាក្យរូបនេះ ថ្លែងយ៉ាងដូច្នេះថា «​អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់​វិធានការទាំងឡាយ ដែលត្រូវធ្វើមិចឲ្យដំណើរការឃោសនាបោះឆ្នោតក្ដី ការបោះឆ្នោតក្ដី ការរាប់សន្លឹកឆ្នោតក្ដី ឲ្យដំណើរការទៅបានរលូន ហើយឯកឧត្តម នាយឧត្តមសេនីយ៍ បានរំលឹកពីការប្រព្រឹត្តរបស់កងកម្លាំងនគរបាល ធ្វើយ៉ាងមិចឲ្យទៅតាមច្បាប់ ទៅតាមនីតិវិធី ពិសេសក្របសីលធម៌ដែល គ.ជ.ប បានកំណត់»

ជាមួយគ្នានោះ អគ្គស្នងនគរបាលជាតិ សង្កត់ធ្ងន់ថា នគរបាលទាំងអស់ ត្រូវតែយកចិត្តទុកដាក់ត្រៀមគ្រប់លក្ខណៈសម្បត្តិ ទាក់ទងនឹងបទល្មើសដែល គណបក្សនយោបាយអាចយកទៅបកស្រាយ ពីរឿងធម្មតា ទៅរឿងនយោបាយ ដូច្នេះហើយរាល់រឿងហេតុដែលកើតឡើង ក្នុងភូមិសាស្ដ្ររបស់ខ្លួន ដែលកើតឡើង នគរបាលត្រូវតែក្ដាប់ឲ្យបានជាដាច់ខាត ពោលគឺត្រូវតែមានលក្ខណៈម្ចាស់ការ។

បន្ថែមពីនេះនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ អគ្គស្នងការនគរបាលជាតិ បានប្រាប់ទៅស្នងការរាជធានី-ខេត្តទាំងអស់ អំពីថវិកាដែលរដ្ឋឧបត្ថម្ភដល់មន្ដ្រីនគរបាល ដែលបានបំពេញបេសកក​ម្មការពារ ដល់ការបោះឆ្នោត ទាំងចំនួនទាំងការបែងចែកដល់កងកម្លាំង ដល់គ្រប់នគរបាលទាំងអស់។

សូមបញ្ជាក់ថា ថ្ងៃស្អែកនេះជាថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត នាយឧត្តមសេនីយ៍ នេត សាវឿន បានធ្លាប់បានបញ្ជាក់ថា ​សម្រាប់ផែនការការពារ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលរយៈពេល១៤ថ្ងៃនោះ កម្លាំងការពារសុរប ១៩,៣១១នាក់ ក្នុងនោះ នគរបាល១៥,៣៧១នាក់ កងរាជអាវុធហត្ថ១,៩៧០នាក់ និងកងយោធពលខេមរភូមិន្ទ ១,៩៧០នាក់។

ដោយឡែក កម្លាំងសមត្ថកិច្ចសរុប ៣៧,៥៣០នាក់ ត្រូវបានរៀបចំសម្រាប់ការការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដោយក្នុងនោះកម្លាំងនគរបាល៣៥,០៤៣នាក់ កងរាជអាវុធហត្ថ៦៤៣នាក់ និងកងយោធិពលខេមភូមិន្ទ១,៨៤៤នាក់៕