(ព្រះវិហារ)៖ នៅចំពោះមុខសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជាង១០០០នាក់ នៅខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ លោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ បានថ្លែងថា «គណបក្សប្រជាជនកម្ពុជា គឺជាអ្នកសង្រ្គោះជាតិ សង្គ្រោះប្រជាពលរដ្ឋពិតប្រាកដ ខុសពីគណបក្សខ្លះ ដែលសង្រ្គោះតែមនុស្សខូច និងអ្នកដែលបង្កចលាចលក្នុងសង្គម»

ការថ្លែងរបស់ លោក មាស សុភា បែបនេះ ក្នុងឱកាសដែលលោករួមជាមួយ លោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តព្រះវិហារ បានអញ្ជើញ ជួបសំណេះសំណាល ជាមួយភ្នាក់ងារសង្កេតការណ៍ តាមការិយាលយ័បោះឆ្នោត រាប់សន្លឹកឆ្នោតទាំង៣២៨ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។

លោក មាស សុភា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលមានវ័យចំណាស់ជាងគេ ខាងនយោបាយ គឺបង្កើតឡើងបានរយៈពេលជាង៦០ឆ្នាំហើយ ថែមទាំងបានជួយសង្រ្គោះជាតិ និងប្រជាពលរដ្ឋឲ្យរួចផុតពីទុក្ខលំបាកនានា ដែលខុសពីគណបក្សសង្រ្គោះខ្លះ ដែលតែងតែសង្រ្គោះ តែអ្នកខិលខូចបង្កចលាចលក្នុងសង្គមជារឿយៗ។

លោកបានបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលមានការគាំទ្រយ៉ាងច្រើន លើសលប់ពីប្រជាពលរដ្ឋ ដូច្នេះហើយទើបយើងធ្វើការ ដឹកនាំប្រទេសជាតិបានយូរ និងបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ គ្រប់វិសយ័ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរយើង។ បើគ្មានគណបក្សប្រជាជនកម្ពុជាទេ ក៏យើងគ្មានថ្ងៃនេះដែរ ដូច្នេះការដើរឃោសនាបោកប្រាស់របស់ បក្សនយោបាយមួយចំនួន ដែលតែងតែវាយប្រហារមកលើ គណបក្សប្រជាជនកម្ពុជា គឺប្រជាពលរដ្ឋលែងជឿទៀតហើយ។

លោកបានថ្លែងប្រាប់ឲ្យប្រជាពលរដ្ឋ បន្តការគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីយើងឈានឆ្ពោះទៅរកជ័យជំនះ សំរាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០១៨ខាងមុខនេះ និងសូមឲ្យភ្នាក់ងារសង្កេតការរបស់យើង ត្រូវរួមសាមគ្គីគ្នាយកចិត្តទុកដាក់ធ្វើការតាមដាន សកម្មភាពថ្ងៃបោះឆ្នោតនៅតាមការិយាល័យនានា ខាងមុខនេះឲ្យបានល្អ៕