(កោះកុង)៖ គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានចេញមកអះអាងថា ការបញ្ឈប់មេឃុំ ៤រូបនៅក្នុងខេត្តកោះកុង គឺដោយសារតែបញ្ហាសុខភាព និងភាពចាស់ជរា មិនមែនកើតចេញពីការមិនទុកចិត្តគ្នា ឬ ព្រោះតែការការពារប្រជាពលរដ្ឋដូចការចេញផ្សាយរបស់វិទ្យុអាស៊ីសេរីនោះឡើយ។

វិទ្យុអាស៊ីសេរីផ្សាយជាខេមរភាសា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ បានផ្សាយថា គណបក្សគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានសម្រេចបញ្ចប់តួនាទីមេឃុំរបស់ខ្លួនចំនួន ៤រូប នៅក្នុងឃុំ​ព្រែកខ្សាច់ នៃ​ស្រុក​គិរីសាគរ ឃុំ​អន្លូងទឹក នៃ​ស្រុក​បទុមសាគរ និង​ឃុំ​ថ្មដូនពៅ នៃ​ស្រុក​ថ្មបាំង។ វិទ្យុអាស៊ីសេរី បានផ្សាយទៀតថា ការបញ្ចប់តួនាទីនេះ ដោយសារតែការមិនទុកចិត្តគ្នា និងដោយសារតែមេឃុំទាំងនោះ តែងតែជួយការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដែលមានបញ្ហាទំនាស់ដីធ្លីជាដើម។

នៅក្នុងលិខិតបំភ្លឺរបស់គណបក្សប្រជាជនខេត្តកោះកុង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានចាត់ទុកការចេញផ្សាយរបស់វិទ្យុអាស៊ីសេរី គឺជាការបំផ្លើសព័ត៌មានទាំងស្រុង និងបានចាត់ទុកការផ្សាយនេះ ជាការញុះញង់បង្កឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុងរបស់សមាជិកគណបក្សប្រជាជនកម្ពុជា ដែលកំពុងមានប្រៀបក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤នេះ។

នៅក្នុងសេចក្តីបំភ្លឺនេះ បានបញ្ជាក់ថា មានមេឃុំ ចៅសង្កាត់មួយចំនួនមកពីគណបក្សប្រជាជនកម្ពុជា បានស្ម័គ្រចិត្ត ដោយមិនបន្តឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤នេះ ដោយមូលហេតុបញ្ហាសុខភាពផ្ទាល់ខ្លួន និងបញ្ហាចាស់ជរាជាដើម។

លោក ឡុញ ឃន អាយុ ៧៥ឆ្នាំ អតីតមេឃុំព្រែកខ្សាច់ បានចេញមកបញ្ជាក់ផងដែរថា លោកបានដាក់លិខិតលាលែងពីការងារកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥មកម្ល៉េះ ដោយសារតែរូបលោកមានវ័យកាន់តែចាស់ និងមានជំងឺប្រចាំកាយផង។ លោក ឡុញ ឃន បានបន្ថែមថា បើទោះបីលោកបានលាលែងពីតំណែងមេឃុំ តែលោកនៅតែជាអ្នកដឹកនាំគណបក្សឃុំដដែល៕