(ឥណ្ឌូនេស៊ី)៖ ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសាភា ឆ្នាំ២០១៧នេះ លោកបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូគយចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៦ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៦ បានប្រារព្ធបើកដោយលោកស្រី Sri Mulyani Indrawati រដ្ឋមន្រ្តី ហិរញ្ញវត្ថុប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពីអគ្គនាយកគយអាស៊ានទាំង ១០ប្រទេស និងមន្ត្រីលេខាធិការដ្ឋាន អាស៊ានផងដែរ។

ក្នុងពិធីបើកកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៦ លោក គុណ ញឹម បានថ្លែងសុន្ទរកថាដោយលើកឡើងពីសមិទ្ធផល ជាច្រើនដែលកិច្ចប្រជុំអគ្គនាយកគយ អាស៊ានបានសម្រេចក្នុងអំឡុងពេលកម្ពុជា ជាប្រធានកិច្ចប្រជុំអគ្គនាយកគយអាស៊ានឆ្នាំ២០១៦-២០១៧ រួមមាន (១). ការបញ្ចប់តារាងនាមវលីពន្ធគយអាស៊ានឆ្នាំ២០១៧, (២). ការចុះហត្ថលេខាលើពិធីសារទី២ ស្តីពីការកំណត់ ច្រកទ្វារព្រំដែនឆ្លងកាត់ដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន, (៣). ការអនុម័តលើផែនការគោលដៅទូលំទូលាយ របស់រដ្ឋបាលគយអាស៊ាន ឆ្នាំ២០១៦-២០២៥ និង (៤). ការបញ្ចប់ការអភិវឌ្ឍសូចនាករគន្លឺះសម្រាប់អនុវត្តផែនការសកម្មភាពយុទ្ធសាស្រ្តឆ្នាំ២០១៦-២០២៥។

លោកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលគយអាស៊ានទាំងអស់ ដែលបានផ្តល់ការគាំទ្រនិង កិច្ចសហការល្អក្នុងអំឡុងពេលកម្ពុជាជាប្រធានកិច្ចប្រជុំអគ្គនាយកគយអាស៊ាន និងបានផ្ទេរតួនាទីជាប្រធានកិច្ចប្រជុំអគ្គនាយក គយអាស៊ាន  ឲ្យទៅរដ្ឋបាលគយឥណ្ឌូនេស៊ី ដើម្បីដឹកនាំបន្តសម្រាប់ឆ្នាំ២០១៧-២០១៨ក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៦។

កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៦ បានសម្រេច និងឯកភាពលើការងារមួយចំនួន៖ (១). ពិនិត្យវឌ្ឍនភាពការងារនៃការ អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍគយ ២០១៦-២០២០ ដែលអនុវត្តដោយក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្ម និងនីតិវិធីគយ, ក្រុមការងារអនុវត្តច្បាប់គយ និងអនុលោមភាព និងក្រុមការងារកសាងសមត្ថភាពចំណេះដឹងគយ, (២). អនុម័តលើលក្ខខណ្ឌការងារ លក្ខខណ្ឌការងារនៃការចូលរួមរបស់ផ្នែកឯកជនក្នុងកិច្ចប្រជុំគយអាស៊ាន, (៣). អនុម័តលើសូចនាករគន្លឺះសម្រាប់អនុវត្តផែនការ សកម្មភាពយុទ្ធសាស្រ្ត ឆ្នាំ២០១៦-២០២៥, (៤). ជំរុញឲ្យប្រទេសជាសមាជិកអាស៊ានពន្លឿននីតិវិធីផ្ទៃក្នុងរបស់ខ្លួន ក្នុងការផ្តល់សច្ចាប័ន លើពិធីសារទី៧ ស្តីពីប្រព័ន្ធដឹកជញ្ជូនឆ្លងកាត់។ ប្រទេសសមាជិកអាស៊ានចំនួន៥ រួមទាំងកម្ពុជាបានត្រូវបានផ្តល់សច្ចាប័ន លើពិធីសារទី៧ និង(៥) ជំរុញឲ្យប្រទេសជាសមាជិកអាស៊ានពន្លឿននីតិវិធីផ្ទៃក្នុងរបស់ខ្លួន ក្នុងការចុះហត្ថលេខាលើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារ ព្រំដែនឆ្លងកាត់។ ប្រទេសសមាជិកអាស៊ានចំនួន ៨ រួមទាំងកម្ពុជាបានចុះហត្ថលេខាលើពិធីសារទី២នេះ រួចហើយ។

កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៦ ក៏បានប្រជុំពិគ្រោះយោបល់ដោយឡែកពីគ្នាជាមួយគណៈប្រតិភូរដ្ឋបាលគយចិន ជប៉ុន កូរ៉េ និងអូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារគយ និងបានពិគ្រោះយោបល់ជាមួយតំណាងវិស័យ ឯកជនសំខាន់ៗចំនួនពីររួមមាន៖ ១-ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន-អាមេរិក និង២-ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន-អឺរ៉ុប  ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងរដ្ឋបាលគយ និងវិស័យឯកជន ដើម្បីលើកកម្ពស់កិច្ចសម្រួល ពាណិជ្ជកម្ម។ ទន្ទឺមនេះ តំណាងសមាគមធុរកិច្ចឥណ្ឌូនេស៊ីក៏បានធ្វើបទបង្ហាញ ដោយលើកឡើងពីបញ្ហា ប្រឈមក្នុងការធ្វើធុរកិច្ច និងបានស្នើសុំឲ្យកិច្ចប្រជុំអគ្គនាយកគយអាស៊ាន  ដើម្បីពិនិត្យលទ្ធភាពដោះស្រាយ។

ឆ្លៀតឱកាសក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៦នេះ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានជួបប្រជុំទ្វេភាគីជាមួយរដ្ឋបាលគយចិនដឹកនាំដោយលោក Zou Zhiwu អនុរដ្ឋមន្រ្តីរដ្ឋបាលគយចិន។

ក្នុងជំនួបទ្វេភាគីនេះ ភាគីទាំងពីរបានឯកភាពលើចំណុចសំខាន់មួយចំនួនរួមមាន៖ គាំទ្រគ្នាទៅវិញទៅមកលើវេទិកា តំបន់និងពិភពលោក, សិក្សាពីលទ្ធភាពនៃការរៀបចំអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការគយ រវាងប្រទេសទាំងពីរ និងការគាំទ្រអនុវត្តគំនិតផ្តួចផ្តើម “One Belt One Road”។

ទន្ទឹមនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានប្រជុំទ្វេភាគីជាមួយរដ្ឋបាលគយជប៉ុន ដឹកនាំដោយលោក Mikio Kojikawa អគ្គនាយកគយជប៉ុន។ ភាគីជប៉ុនបានឯកភាពពិនិត្យលទ្ធភាពក្នុងការផ្តល់គម្រោង ជំនួយគាំទ្រការអភិវឌ្ឍន៍និងអនុវត្តប្រព័ន្ធបញ្ជរ តែមួយជាតិកម្ពុជា។ ទន្ទឹមនេះ ភាគីកម្ពុជាបានស្នើឲ្យភាគីជប៉ុន ពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយដើម្បីពង្រឹងសមត្ថភាព នាវាចរគយកម្ពុជា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានប្រជុំទ្វេភាគីជាមួយរដ្ឋបាលគយថៃ ដឹកនាំដោយលោក Kulit Sombatsiri អគ្គនាយកគយថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាននិងជួយគ្នា ទៅវិញទៅមកក្នុងការទប់ស្កាត់ បទល្មើសគយឆ្លងដែនរវាងប្រទេសទាំងពីរ។

លើសពីនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានប្រជុំទ្វេភាគីជាមួយក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន-អឺរ៉ុប ក្នុងគោលបំណងពង្រឹងទំនាក់ទំនងនិងកិច្ចសហការរវាងរដ្ឋបាលគយកម្ពុជា-វិស័យឯកជន៕